បាត់ដំបង : ប្រជាពលរដ្ឋមួយចំនួន
រស់នៅភូមិកំពង់ចម្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង
ដែលប្រកបរបរបណ្ដុះផ្សិតអំបោះលក់ បានទទួលចំណូលក្នុងខ្ទង់ពាន់ដុល្លារអាមេរិក
ក្នុងមួយឆ្នាំៗ ហើយបានធ្វើឲ្យជីវភាពគ្រួសាររបស់ពួកគាត់កាន់តែសមរម្យ មិនបានចំណាកស្រុកទៅធ្វើការនៅទីឆ្ងាយៗ
។
លោក ពូន វីរៈ រស់នៅភូមិកំពង់ចម្លង ឃុំឈើទាល បានប្រាប់សាព័តមានមេគង្គប៉ុស្តិ៍អោយដឹង ថា៖ គ្រួសាររបស់គាត់បានចាប់ផ្ដើមបណ្ដុះផ្សិតនេះ
ទើបបានរយៈពេល២ឆ្នាំ តែមានអ្នកភូមិខ្លះបានប្រកបរបរនេះច្រើនឆ្នាំហើយ ចំពោះការបណ្ដុះវិញមិនសូវវិបាក
ឬជួបឧបសគ្គច្រើននោះទេ ហើយសម្រាប់គ្រឿងផ្សំបណ្ដុះផ្សិតនេះឲ្យចេញបាន មានដូចជា កន្ទក់
អង្ករដំណើប ម្សៅពោត កំបោ និងស្នូលពោត ។
លោកបានបន្តថា មុននឹងឲ្យផល ត្រូវយកគ្រឿងផ្សំទាំងអស់លាយគ្នា ហើយយកទៅចំហុយ
រួចផ្អាប់ទុករយៈពេលមួយខែល្មមអាចផុតហើយ ទើបដាក់មេច្រកបាន ២០ ទៅ២៥ថ្ងៃ នឹងឲ្យផល
ហើយការប្រមូលផលនេះបានរហូតដល់ ៧ ទៅ៨ខែ ទើបចាប់ផ្ដើមលាយគ្រឿងផ្សំផ្អាប់សារជាថ្មី ។
លោក វីរៈ បានបន្ថែមថា គ្រួសារលោកបានដាក់ផ្សិតបណ្ដុះប្រមាណ
១២០០០កំប៉ុស ចំនួនប៉ុណ្ណេះបើអាកាសធាតុល្អ អាចដុះដក់លក់បានក្នុងមួយថ្ងៃជាង
១០០គីឡូក្រាម តែជាមធ្យមដក់បានត្រឹមតែ ៥០ ទៅ៦០គីឡូក្រាម ។
អ្នកស្រី ផុន ផល្លា បានលើកឡើងថា បច្ចុប្បន្នផ្សិតតម្លៃ ៣០០០
ទៅ៤០០០រៀល ឡើងចុះមិនទៀង តែធ្លាក់ទាបបំផុតដល់ ១០០០រៀល
តែតម្លៃនេះមិនងាយធ្លាក់ដល់ហ្នឹងទេ ហើយពេលប្រមូលបាន
មានម៉ូយមកទិញដល់ផ្ទះអស់ៗមិនដែលមានសល់នោះទេ ។
អ្នកស្រី បានបន្តថា បើយើងបានបណ្ដុះត្រឹម ១២០០០កំប៉ុសនេះ
ក្នុងមួយខែៗ អាចលក់បានចាប់ពី ១លាន ទៅ២លានរៀល ហើយចាប់តាំងពីប្រកបរបរបណ្ដុះផ្សិតអំបោះមក
គ្រួសាររបស់អ្នកស្រី មានជីវភាពធូរធារគ្រាន់បើ ។
គួរបញ្ជាក់ថា បើធ្វើដំណើរពីខេត្តបាត់ដំបង ឆ្ពោះទៅប្រាសាទបាណន់
គឺត្រូវឆ្លងកាត់ភូមិកំពង់ចម្លងនេះដែរ ក្រៅពីបណ្ដុះផ្សិតអំបោះលក់
ប្រជាពលរដ្ឋក្នុងភូមិមានអ្នកខ្លះធ្វើស្រែ ដាំស្វាយ បណ្ដុះកូនឈើលក់
ឬដាំដំណាំវិលជុំជាច្រើនមុខទៀត ៕ សុផល