ភ្នំពេញ៖ សមាជិក សមាជិការដ្ឋសភា១១៣រូប នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥នេះ បានបោះឆ្នោតជាកញ្ចប់គាំទ្រសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មីចំនួន ៩រូប ក្នុងនោះរដ្ឋសភាបានផ្តល់សុពលភាពជ្រើសតាំងលោក ស៊ិក ប៊ុនហុក មកពីគណបក្សប្រជាជនកម្ពុជា ជាប្រធាន គ.ជ.បថ្មី និងលោក គួយ ប៊ុនរឿន មកពីគណបក្សសង្គ្រោះជាតិ ជាអនុប្រធាន គ.ជ.ប ។
គណបក្សនយោបាយទាំងពីរ បានបញ្ជូនបញ្ជីឈ្មោះបេក្ខជន របស់គណបក្សរៀងៗខ្លួនទៅលោក ហេង សំរិន ប្រធានរដ្ឋសភា រួចហើយកាលពីសៀលថ្ងៃទី០៨ ខែមេសា ដើម្បីពិនិត្យនិងដាក់ចូលក្នុងរបៀបវារៈប្រជុំសភា ពេញ អង្គ នៅពេលខាងមុខ។
បេក្ខភាពសមាជិកគជបនៃគណបក្សសង្គ្រោះជាតិ បេក្ខជនសមាជិក គ.ជ.ប ទាំង៤ នាក់រួមមាន៖
១-លោកគួយ ប៊ុនរឿន(មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ) ២-លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀន កម្ពុជាឯករាជ្យ ៣-លោក ហ៊ីង ធីឫទ្ធិ ព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល និង៤-លោកស្រី តែ ម៉ានីរ៉ុង មន្ត្រីនិវត្តជន និងត្រូវជា (ប្អូនថ្លៃជីដូនមួយលោក សម រង្ស៊ី)។
ចំពោះបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជាទាំង ៤ នាក់រួមមាន ៖ ១-លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។២-មានសទិ សមាជិក។ ៣-លោក ឌុច សុន សមាជិក និង៤-លោក ឯម សុផាត។
ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំគណបក្សទាំងពីរ បានគាំទ្របេក្ខភាពទី៩ នៃគ.ជ.ប គឺលោក ហង្ស ពុទ្ធា ប្រធានអង្គការនិកហ្វិក ជាសមាជិក គ.ជ.ប។
រដ្ឋសភានៅព្រឺកមិញនេះ បានបើកស័មយប្រជុំ លើកទី៤ បោះឆ្នោតអនុម័តសមាជិក គ.ជ.បទាំង៩នាក់ ជាកញ្ចប់នៅព្រឺកនេះ ដោយមិនរង់ចាំថ្ងៃទី១៣ ខែមេសាឡើយ។
ការបោះឆ្នោតនេះ រដ្ឋសភា បានសម្រេច ផ្តល់សុពលភាព គ.ជ.បថ្មី ដល់ លោក ស៊ិក ប៊ុនហុក មកពី គណបក្សប្រជាជនកម្ពុជា ជាប្រធាន គ.ជ.ប និងលោក គួយ ប៊ុនរឿន មកពីគណបក្សសង្គ្រោះជាតិ ជាអនុប្រធាន គ.ជ.ប ដែលការរបោះឆ្នោតនេះ មានសន្លឹកឆ្នោតអនុបវាទ២ និងមោឃៈ ១៕
លោក ស៊ិក ប៊ុនហុក(ឆ្វេង) ប្រធាន និងលោក គួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី