ខេត្តបាត់ដំបងៈ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់សង្ស័យជំងឺរើឡើងបណ្តាលអោយលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធម៌។
ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៤-៣០នាទី ថ្ងៃទី១៦.ខែ ឧសភា.ឆ្នាំ២០១៨ នៅចំនុចក្រុមទី០៧ ស្ថិតក្នុងភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ក្មេងស្រីរងគ្រោះឈ្មោះ តូ ណាវី អាយុ១០ឆ្នាំមានទីលំនៅចំណុចកើតហេតុខាងលើ។
តាមការបញ្ជាក់ពីឈ្មោះ តូ ភ័ណ្ឌភេទប្រុស អាយុ៥០ឆ្នាំដែលត្រូវជាជីតាបង្កើតបានប្រាប់ថា ចៅរបស់គាត់កើតមានជំងឺស្រឺតតាំងពីអាយុមួយខួបមកម្លេះ ហើយតែងតែប្រកាច់ជាញឹកញាប់រហូតមកដល់សព្វថ្ងៃនេះ។
ហើយនៅមុនពេលកើតហេតុចៅស្រី
បាននៅផ្ទះជាមួយរូបលោក លុះមួយសន្ទុះក្រោយមកក៏ស្រាប់តែអ្នកភូមិមកប្រាប់ថាៈ ចៅរបស់ខ្លួនបានលង់ទឹកស្រះនៅខាងជើងផ្ទះ ភ្លាមនោះលោកក៏រត់ទៅហើយចុះរាវរកចៅនិងស្រង់យកមកសង្គ្រោះដែរតែជាអកុសលចៅស្រីបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
លុះក្រោយមកសមត្ថកិច្ចនៅមូលដ្ឋានបានចុះមកដល់និងបានបង្កើតក្រុមគណៈកម្មការមួយធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យឃើញថាជនរងគ្រោះពិតជាបានលង់ទឹកស្រះស្លាប់ ពិតប្រាកដមែន។
ក្រោយមកក៏បានធ្វើការប្រគល់សាកសពមកអោយរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕ សុផល