រថយន្ត​២​គ្រឿង​បុក​គៀរ​គ្នា​ម្ខាង​ចាក់​ខ្សាច់​ចោល​និង​ម្ខាង​ទៀត​ស្លាប់​ម្នាក់​របួសស្រាល​ម្នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2018 ក+ ក-


ខេត្តបាត់ដំបង​៖​យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​និង​ម្នាក់ទៀត​រងរបួស​ស្រាល​ក្នុង​ហេតុការណ៍​រថយន្ត​ពីរ​គ្រឿង​បើក​ប៉ះ​គៀរ​គ្នា​នៅលើ​ផ្លូវជាតិ​លេខ​៥​។​
សមត្ថកិច្ច​បានអោយដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បាន​កើនឡើង​នៅវេលា​ម៉ោង​១០-៤០​នាទី ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

កើតឡើង​រវាង​រថយន្ត​នី​សាន់​ចង្កូត​ស្តាំ​ប្រភេទ​ដឹកទំនិញ​(​ខ្សាច់​)​ពណ៌​ស​ខៀវ ពាក់​ស្លាក​លេខ​PP០២០៥​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ប៉ះ​គៀរ​និង​រថយន្ត​សុ​ី​ណា​ប្រភេទ​ទេសចរ ពណ៌​ស​ពាក់​ស្លាក​លេខ​បាត់ដំបង​២C៦៨៧៨ បើកបរ​ដោយ​ឈ្មោះ ហេង សុខ​អេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​(​ស្លាប់​)​និង​អ្នករួមដំណើរ​ឈ្មោះ ឈឿន វិ​សែ​ល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​(​របួសស្រាល​)​ទាំងពីរ​នាក់​រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។​
ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ខ្សាច់​ខាងលើ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​(​ភ្នំពេញ បាត់ដំបង​)​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅ​គៀរ​រថយន្ត​សុ​ី​ណា​ដឹក​ភ្ញៀវ​ពេញទំហឹង​បណ្តាលអោយ​រថយន្ត​ទាំងពីរ​គ្រឿង​ក្រឡាប់​ផ្ងារជើង​ម្ខាង​ចាក់​ខ្សាច់​ចោល​និង​ម្ខាង​ទៀត​ស្លាប់​និង​របួស​តែម្តង​។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅដល់​ពិនិត្យ​វាស់វែង​និង​ប្រគល់​សាកសព​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយ​លែ​ក​រថយន្ត​ទាំងពីរ​គ្រឿង​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រងចាំ​ដោះស្រាយ​ទៅតាម​ផ្ទូ​វ​ច្បាប់​៕