ខេត្តកណ្តាល ៖ កម្លាំងនគរបាលស្រុកស្អាង ដឹកនាំបញ្ជាផ្ទាល់ដោយលោក វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានបើកប្រតិបត្តិការចុះបង្ក្រាបសំបុកជួញដូរគ្រៀងញៀនដ៏ធំ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតថ្នាំញៀនសរុបចំនួន ៧៥កញ្ចប់ ។ ប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើឡើង កាលពីវេលាម៉ោង ជាង៣សៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១ ឈ្មោះ ហួត ហ៊ីម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបររត់តុការ ទីលំនៅភូមិ អម្ពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ០១ឆ្នាំ ពីបទ ជួញដូរគ្រឿងញៀន), ទី២ឈ្មោះ មន គង្គា ហៅ តុល ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅភូមិ កណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ០១ខែកន្លះ ពីបទ ជួញដូរគ្រឿងញៀន) និងទី៣ ឈ្មោះ ស្រ៊ន ទិ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ទីលំនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកបក្ខពួកគេម្នាក់ទៀតឈ្មោះ សំ គុន ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិគោកអណ្តែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានរត់គេចខ្លួនបាត់ ។
ក្រោយឃាត់ខ្លួនជនង្ស័យខាងលើ សមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)សរុប ចំនួន៧៥កញ្ចប់ (ធំ ០១កញ្ចប់ , តូច ៧៤កញ្ចប់) ក្នុងនោះ ជារបស់ឈ្មោះមន គង្គាចំនួន៤៥កញ្ចប់ជារបស់ឈ្មោះស្រ៊ន ទិចំនួន៥កញ្ចប់និងជារបស់ឈ្មោះសំ គុនចំនួន២៥កញ្ចប់។
លោក អធិការបានបញ្ជាក់ថា មុននឹងឈានដល់ការបង្ក្រាប កម្លាំងនគរបាលស្រុក ទទួកបានព័ត៌មានប្រជាពលរដ្ឋល្អថា មានឈ្មោះ ហួត ហ៊ីម កំពុងប្រើប្រាស់គ្រឿងញៀន(ម៉ាទឹកកក) នៅភូមិ អម្ពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បាននាំខ្លួនជនសង្ស័យឈ្មោះ ហួត ហ៊ីម មកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហួត ហ៊ីម បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន (ម៉ាទឹកកក) ពីឈ្មោះ តុល នៅភូមិ កណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ជាច្រើនដង និងទិញពីក្មេងប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ដើម្បីយកមកប្រើប្រាស់(ជក់) ។ រហូតដល់កើតហេតុខាងលើ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានធ្វើការត្រួតពិនិត្យឆែកឆេរ នៅបន្ទប់ឈ្មោះ មន គង្គា ហៅតុល នៅភូមិ កណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ៤៥កញ្ចប់ (ធំ ០១កញ្ចប់ និងតូច ៤៤កញ្ចប់)នៅខ្លួនឈ្មោះមន គង្គាហៅតុល នឹងនៅខ្លួនឈ្មោះ ស្រ៊ន ទិ ចំនួន ០៥កញ្ចប់តូចទៀត រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បញ្ជូនមកប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ មន គង្គា ហៅតុល បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ១៥០$ ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុច វាលខ្សាច់ រាជធានីភ្នំពេញ ដើម្បីវិចខ្ចប់លក់បន្ដ។ បន្ទាប់ពីទទួលបានចម្លើយសារភាពពីឈ្មោះ មន គង្គា នៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃខែឆ្នាំដដែល ដោយទទួលបានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល អនុញ្ញាតិអោយបន្ដធ្វើការត្រួតពិនិត្យ ឆែកឆេរផ្ទះរបស់ឈ្មោះ សំ គុន ភេទស្រី អាយុ ៤៤ឆ្នាំ នៅភូមិ គោកអណ្តែក ឃុំស្អាងភ្នំ បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ២៥កញ្ចប់តូច ។ ប៉ុន្តែជនសង្ស័យឈ្មោះ សំ គុន បានគេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់ ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ ត្រូវានឃាត់ខ្លូន បញ្ជូនមកទធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕