បិទ​អាជីវកម្ម​រណ្តៅ​ខ្សាច់ និង​រណ្តៅ​ដី​២​កន្លែង នៅក្បែរ​បង្គោល​អគ្គិសនី​តង់ស្យុង​ខ្ពស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2018 ក+ ក-

​ខេត្តកណ្តាល ៖

​រណ្តៅ​ដី និង​រណ្តៅ​ខ្សាច់​២​កន្លែង នៅ​ស្រុក​កណ្តាលស្ទឹង ត្រូវបាន​បិទ​បន្ទាប់ពី​រកឃើញថា ធ្វើ​អាជីវកម្ម​ហួស​ដែ​អាជ្ញាប័ណ្ណ និង​នៅជាប់​ដីស្រែ​ប្រជាពលរដ្ឋ​ព្រមទាំង​នៅ​កៀក​បង្គោល​អគ្គិសនី​តង់ស្យុង​ខ្ពស់ ។​
​កាល​ថ្ងៃទី​១៧ ឧសភា ២០១៨ នេះ លោក ហេង ចាន់​ធួន អនុរដ្ឋលេខាធិការ​ក្រ​សួ​
​ង​រ៉ែ​និង​ថាមពល បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​រណ្តៅ​ខ្សាច់ និង​រណ្តៅ​ដី​២​ទីតាំងនៅ​ក្នុងភូមិ​រោង​គោ ឃុំ​ទ្រា និង​ភូមិ​ថ្មី ឃុំ​ថ្មី ស្ថិតក្នុង​ស្រុក​កណ្តាល​ស្ទឺ​ង ខេត្តកណ្តាល បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍​ថា បានធ្វើ​អាជីវកម្ម​ខុស​បច្ចេកទេស នៅជាប់​ហ្នឹង​ស្រែ​ប្រ​
​ជា​ពលរដ្ឋ​និង​នៅក្បែរ​បង្គោល​អគ្គិសនី​ដែលមាន​តង់ស្យង់​ខ្ពស់ ហើយក៏​បានសម្រេច​បិទ​។​

​លោក​អនុរដ្ឋលេខាធិការ បាន​ឲ្យ​ថា ម្ចាស់​អាជីវកម្ម​ទី​១ ឈ្មោះ ឆេង យី បាន​សុំច្បាប់​អនុញ្ញាត​ជា​លក្ខណៈ​សិប្បកម្ម​ខ្សាច់​បក​ត្រឹម​ថ្នាក់​ខេត្ត ដែលមាន​ទំហំ​១​ហិកតា​ចុះ ប៉ុន្តែ គាត់​បានធ្វើ​អាជីវកម្ម​ដល់​ទៅ​ជាង​៣​ហិកតា​ឯណោះ​។​មិនតែប៉ុណ្ណោះ​ថែមទាំង​នៅជាប់​ហ្នឹង​ស្រែ​របស់​ប្រជា ពលរដ្ឋ និង​នៅក្បែរ​បង្គោល​អគ្គិសនី​ដែលមាន​តង់ស្យុង​ខ្ពស់ ដែល​ច្បាប់​បានកំណត់​ឱ្យធ្វើ​អា​
​ជីវ​កម្ម​មាន​គម្លាត​ពី​បង្គោល​អ​គ្កិ​ស​នី​យ៉ាងតិច​៥០ ម៉ែត្រ ប៉ុន្តែ​ធាតុពិត​គ​ន្លាត​ពី​ការដ្ឋាន​របស់គាត់​ទៅ បង្គោល អគ្គិសនី​ត្រឹមតែ​៣៤​ម៉ែត្រ​ប៉ុណ្ណោះ​។ ចំណែកឯ​រណ្តៅ​ដី​១​ទៀត​ក្នុងភូមិ​ថ្មី ឃុំ ថ្មី ស្រុក​កណ្តាលស្ទឹង ដែលមាន​ម្ចាស់​ឈ្មោះ ហាំង លី​ហួង ក៏​ធ្វើ​អាជីវកម្ម​ហួស​អាជ្ញាប័ណ្ណ​ដែរ ខណៈ​អាជ្ញាប័ណ្ណ​ត្រឹម​១​ហិកតា ប៉ុន្តែ​ធ្វើ​រហូតដល់​ទៅ​ជាង​២​ហិច​តា និង​គម្លាត​ពី​ប​ង្គោ​
​ល​អគ្គិសនី​មិនបាន​១០​ម៉ែត្រ​ផង​។

​លោក ក៏បាន​បញ្ជាក់ដែរថា រាល់​អាជីវកម្ម​ទាំងអស់​ត្រូវតែ​គោរព​ច្បាប់ និង ដាច់ខាត​មិនឱ្យ​មានការ​ប៉ះ ពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នោះទេ ហើយ​ពេលនេះ​យើង​បិទ​បញ្ឈប់​មិនឱ្យ​ធ្វើ​អាជីវកម្ម​បន្តទៀត​ទេ លុះត្រាតែ​ម្ចាស់​អាជីវកម្ម​សុំច្បាប់​អនុញ្ញាត​សារជាថ្មី និង​ធ្វើការ​កែប្រែ​ទុក​គម្លាត​ឱ្យ​ឆ្ងាយ​ពី​ស្រែ​របស់​ប្រជាពលរដ្ឋ​និង​បង្គោល​ភ្លើង​ទៅតាម​ច្បាប់ ហើយ​ត្រូវ​បង់​សូ​យ​សារ​ឱ្យ​គ្រប់​សិន ទើប​អនុញ្ញាតឱ្យ​ពួកគាត់​បន្ត​អាជីវកម្ម​វិញ​។​

​ចំណែកឯ លោក ស៊ុ សុធន អនុប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្តាល ទទួលបន្ទុក​រ៉ែ ធ្លាប់បាន​ប្រាប់ថា យោងតាម​ច្បាប់​រ៉ែ​រាល់​រណ្តៅ​អាជីវកម្ម​ជីក​អាចម៍ដី​និង​រណ្តៅ​ខ្សាច់​ទាំងឡាយ​ត្រូវតែមាន​គម្លាត​ពី​បង្គោល​អគ្គិសនី ដែលមាន​តង់ស្យុង​ខ្ពស់​តិច​បំផុត​30​ម៉ែត្រ​ពី​អាក់ ដើម្បី​បង្ការ​ខ្លាច​បាក់​ដី​ដល់​បង្គោល​អ​គ្គិ​ស​នី​។ លោក​បាន​បន្ថែម​ដែរ​ថា ចំពោះ​បង្គោល​អគ្គិសនី​តង់ ស្យុ​ង​ខ្ពស់​នេះ ប្រសិនបើ​ដួលរលំ​បណ្តាល​ឱ្យដាច់​ចរន្ត អគ្គិសនី​នោះ វា​ធ្វើឱ្យ​រដ្ឋ​ខាតបង់​រាប់ម៉ឺន​ដុល្លារ​ឯណោះ ក្នុង​១​នាទីៗ ៕