ខេត្តបាត់ដំបងៈ គ្រាប់យុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះចំនួន៣៧គ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅចំណុចក្បែរដីការមួយកន្លែងក្នុងស្រុកគាស់ក្រឡ។
លោកវរសេនីយ៍ទោ ឆាង វណ្ណឆៃ អធិការនគរបាលស្រុកគាស់ក្រឡ បានប្រាប់អ្នកយកព័តមានមេគង្គប៉ុស្តិ៍យើងអោយដឹងថា៖ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋកាលពីវេលាម៉ោង១៥-៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ថាបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌជាច្រើនគ្រាប់នៅចំណុច ភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ភ្លាមៗនោះលោកបានចាត់តាំងអោយកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍ចុះទៅពិនិត្យនិងដាក់ស្លាកសញ្ញាហាមឃាត់។
ក្រោយមកលោកក៏បានរាយការណ៍បន្តទៅអង្គភាពCMACដើម្បីចុះមកពិនិត្យជាក់ស្តែងជាមួយគ្នា ហើយក្រោយពីធ្វើការពិនិត្យទើបដឹងថាគ្រាប់យុទ្ធភ័ណ្ឌទាំងនេះមានគ្រាប់ប្រភេទកាំភ្លើងត្បាល់៦០មីលីម៉ែត្រចំនួន១៤គ្រាប់និងគ្រាប់ប្រភេទ៨០មីលីម៉ែត្រចំនួន២៣គ្រាប់ ដែលបានសេសសល់តាំងពីសម័យសង្គ្រាម។
ក្រោយពីធ្វើការប្រមូលរួចរាល់គ្រាប់យុទ្ធភ័ណ្ឌទាំងនេះត្រូវបានប្រគល់ជូនទៅអង្គ ភាពCMACដើម្បីយកទៅដុតកំទេចចោល ៕