រាជរដ្ឋាភិបាល បន្តផ្តល់អាទិភាពលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ភ្នំពេញ ៖ នៅក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ពីព្រែកក្តាម ដល់ធ្លារម្អម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះ អាងថា រាជរដ្ឋាភិបាលនៅតែចាត់ទុកការស្ថាបនាផ្លូវជាការងារអាទិភាពមួយ ដើម្បីធ្វើការតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ និងទីប្រជុំជនទៅកាន់ជនបទ។ សម្តេចប្រកាសនៅថ្ងៃនេះថារាជរដ្ឋាភិលនឹងសាងសង់ផ្លូវមួយខ្សែពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្ពោះទៅកាន់ថ្មដា ខេត្តពោធិ៍សាត់ និងតភ្ជាប់ពីពោធិ៍សាត់ឆ្ពោះទៅកាន់ខេត្តកោះកុង។
កំណាត់ផ្លូវជាតិលេខ៥ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លារម្អម ខេត្តពោធិ៍សាត់ប្រវែង១៣៥គម ត្រូវបានបើកការដ្ឋានសាងសង់ធ្វើឲ្យប្រសើរឡើងវិញ នៅព្រឹកថ្ងៃទី២១ ខែឧសភា ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមាន លោក កូរីណូអូជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកផ្លូវជាតិលេខ៥ចាប់ពីភ្នំពេញរហូតដល់ប៉ោយប៉ែតទល់ដែលកម្ពុជាថៃ គឺខ្សែមួយដ៍មានសារៈសំខាន់ក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងការតភ្ជាប់ក្នុងប្រទេស ជាមួយប្រទេសជិតខាង និងនៅក្នុងតំបន់ ដោយម្ខាងភ្ជាប់ជាមួយនឹងប្រទេសថៃ និងប្រទេស វៀតណាម តាមរយៈផ្លូវជាតិលេខ១ដែលក៍ជាហិរញ្ញប្បទានរបស់ប្រទេសជប៉ុនផងដែរ។ នេះជាការតភ្ជាប់ដ៍សំខាន់ដែលធ្វើឲ្យធ្វើឲ្យមានការរីកលូតលាស់ នៅក្នុងទំនាក់ទំនងនៃក្របខណ្ឌមហាអនុតំបន់មេគង្គ និងអាស៊ាន និងជាសក្តានុ ពលដ៍សំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជាទៀត ផង។
សម្តេចតេជោ បានអះអាងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ននៅតែគោលដៅអាទិភាព និងនៅតែមានតម្រូវការខ្ពស់សម្រាប់កម្ពុជា ក្នុងគោលដៅ ដើម្បីតភ្ជាប់ពីទីជនបទទៅកាន់ទីប្រជុំ និងពីខេត្តមួយទៅខេត្តមួយប្រកបដោយ ភាពងាយស្រួល។ សម្តេចបានប្រកាសថា រាជរដ្ឋាភិបាលនឹងធ្វើ ការសាងសង់ផ្លូវថ្មីមួយខ្សែទៀត ពីសំឡូតក្នុងខេត្តបាត់ដំបង ឆ្ពោះទៅកាន់ថ្មដារ ខេត្តពោធិសាត់ និងឆ្ពោះទៅកាន់ខេត្តកោះកុង ដើម្បីបង្កើនផលិតភាពដឹកជញ្ជូន និងតភ្ជាប់ទៅកាន់តំបន់កំពង់ផែភាគនិរតី។
បើតាមរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៥ពីព្រែកក្តាម-ធ្លារម្អម នឹងត្រូវធ្វើការពង្រីក ទទឹងផ្លូវ២៣ម៉ែត្រនៅតំបន់ជនបទ និងពង្រីក២៨ម៉ែត្រនៅទីប្រជុំជន សាងសង់ជាបួនគន្លង ពីរទៅពីរមក ដោយមានខឿនសួនចែកទិសដៅ។ ផ្លូវនេះនឹងត្រូវសាងសង់ដោយក្រាលកៅស៊ូACនិងធ្វើការសាងសង់ផ្លូវវាងក្រុងចំនួនពីរគឺទីប្រជុំជនឧដុង្គ និងផ្លូវវាងក្រុងកំពង់ឆ្នាំង ព្រមទាំងការសាងសង់ស្ពានថ្មីចំនួនពីរកន្លែង ពង្រីក និងជួសជុលស្ពានដែលមានស្រាប់ផងដែរ។
គម្រោងធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ព្រែកក្តាម ធ្លាម្អមនេះនឹងត្រូវ ចំណាយថវិកាសាងសង់ប្រមាណ២៦១លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិការបដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយផលប៉ះពាល់ការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។ ក្នុងនោះការអនុវត្តការត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុ មហ៊ុនជប៉ុន ដោយប្រើរយៈពេលសាងសង់៤៨ខែ គិតចាប់ពីខែមេសា ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០២២៕