កំពង់ចាម ៖ ជម្លោះពាក្យសំដីរវាងឪពុកក្មេក និងកូនប្រសារ បានក្លាយជា អំពើហិង្សាក្នុងគ្រួសារ បង្កដោយកូនប្រសារកាប់ឪពុកក្មេកចំនួន៣កាំបិត បណ្តាលអោយរបួសជាទម្ងន់់ ចំណែកជនបង្កត្រូវសម្ត្ថកិច្ចចាប់ខ្លួន។
ប៉ូលីសបានអោយដឹងថា នៅថ្ងៃទី20 ខែឩសភា ឆ្នាំ2018 វេលាម៉ោង 23 ៖ 30 កំលាំងនគរបាលប៉ុស្តិ៍សូភាស បានទទួលព័ត៌មានពីប្រជាការពារភូមិថា: មានគេប្រទះឃើញឈ្មោះ មឿន តុល ភេទប្រុស អាយុ43ឆ្នាំ ជាតិខ្មែរ ទីលំនៅភូមិអង្កោល សូភាស ស្ទឹងត្រង់ កំពង់ចាមបាន រងរបួសជាទំងន់។ បន្ទាប់មកកំលាំង នគរបាលប៉ុស្តិ៍ សូភាស បាន ចុះដល់កន្លែងកើតហេតុធ្វើឃាត់ខ្លួន ឈ្មោះ អេត សុខលាង (ជនសង្សយ័) ភេទប្រុស អាយុ31ឆ្នាំ ជាតិខ្មែរទីលំនៅ ភូមិអង្កោល សូភាស ស្ទឹងត្រង់ កំពង់ចាម ត្រូវជាកូនប្រសារចុងរបស់ឈ្មោះមឿន តុល (ជនរងគ្រោះ)។
តាមការបំភ្លឺរបស់ឈ្មោះ មឿន តុល ថា: នៅវេលាម៉ោង19 ថ្ងៃទីកើតហេតុ ខ្លួន បានស្តីបន្ទោស អោយ ឈ្មោះ អេត សុខលាង ជាកូនប្រសារចុង ហើយក៏ប្រកែកគ្នា បានបន្តិចបន្តួច ឈ្មោះ អេត សុខលាង បានយកព្រនង់ឫស្សី និងកាំបិតប៉័ងតោ វាយ និងកាប់មកលើខ្លួន បណ្តាលអោយមានរបួសជាទម្ងន់ ហើយត្រូវក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ៕ សុ ភណ្ឌ័