ភ្នំពេញ ៖ រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិន បានសំរេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតទីក្រុងសម្ពន្ធ័មេត្រីភាព រវាងទីក្រុងទាំង២។
ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នៅសាលារាជធានីភ្នំពេញ រវាង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវឈី ជីង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្ត ចិន ប្រចាំរដ្ឋធានី ប៉េកាំង និងជាអគ្គនាយកនៃនាយកដ្ឋានរណសិរ្សរួបរួមនៃគណៈកម្មាធិការបក្សកុម្មុយនីស្ត ចិននិងមានការចូលរួមពីមន្ត្រីរាជការអ្នកមុខអ្នកការជាច្រើនរូបទៀតដោយភាពស្និតស្នាលនិងមិត្តភាព។
តាមរយៈអនុស្សារណៈមួយនេះ បានបញ្ជាក់ពីការបោះជំហ៊ានទៅមុខ១កម្រិតទៀត រដ្ឋបាលរាជធានីភ្នំពេញក្នុងការចងសម្ព័ន្ធភាពលើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងប៉េកាំង ដែលជាទីក្រុងទី៧របស់ប្រទេសចិនដែលរាជធានីភ្នំពេញបានចុះហត្ថលេខាចងសម្ព័ន្ធមេត្រី។
ការចងសម្ព័ន្ធភាព ក្នុងបំណងដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៏ទីក្រុងអោយកាន់តែមានការវិវឌ្ឍន៍រីកចំរើនស្របតាមគោលនយោបាយនៃកិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយដែលដាក់ចេញដោយប្រមុខ ប្រមុខរដ្ឋាភិបាលទាំងពីរ គឺ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងលោក ប្រធានាធិបតី ស៊ី ជិនពីង។
នាឱកាសនោះ លោក ឃួង ស្រេង បានថ្លែងថាផ្តើមចេញពីទំនាក់ទំនងការទូតដ៏យូលង់កត់សំគាល់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២កាន់តែមានភាពស៊ីជំរៅ ស្អិតរមួតលើគ្រប់វិស័យចាប់តាំងពីកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ បន្ទាប់ពីជំនួបរវាងថ្នាក់ដឹកនាំកំពូលទាំងពីររួចមក។
លោក អភិបាលបន្តថាសំរាប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតទីក្រុងសម្ពន្ធ័មេត្រីនាពេលនេះ ធ្វើឡើងក្នុងឆ្នាំមិត្តភាពខួបលើកទី៦០នៃទំនាក់ទំនងការទូតកម្ពុជា-ចិនដែលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់១បង្ហាញពីកិច្ចសហប្រតិបត្តិការទាំងក្នុងកំរិតរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះរដ្ឋធានីប៉េកាំង បានក្លាយជាទីក្រុងសម្ពន្ធ័មេត្រីទី៧របស់រាជធានីភ្នំពេញក្នុងចំណោមទីក្រុងក្នុងប្រទេសចិនដែលបានចុះហត្ថលេខាចងសម្ពន្ធ័មេត្រីរួចហើយ។
ជាមួយគ្នានោះដែរ លោកជំទាវ ឈី ជីង បានចាត់ទុកចំណងមិត្តភាពកម្ពុជា-ចិនគឺជាមិត្តដ៏ល្អ និងជាដៃគូរួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមកអស់រយៈពេល៦០ឆ្នាំមកហើយ។លោកជំទាវបញ្ជាក់ថា កន្លងមក ទីក្រុងប៉េកាំងតែងយកចិត្តទុកដាក់ចំពោះរាជធានីភ្នំពេញ។ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលទីក្រុងទាំង២ប៉េកាំង-ភ្នំពេញបានចុះហត្ថលេខាចងសម្ពន្ធ័មេត្រីជាមួយគ្នាគឺឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៏ផ្លាស់ប្តូរបទពិសោធន៏ក្នុងការអភិវឌ្ឍន៏ទីក្រុងឱ្យកាន់តែរីកចំរើនថែមទៀត។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ បានបោះចេញជា៣ភាសារ គឺខ្មែរ.ចិន.និងអង់គ្លេស ហើយភាគីទាំង២នឹងអនុវត្តនូវគោលការណ៏នៃភាពស្មើគ្នានិងផលប្រយោជន៏រួមទ្វេភាគី តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ចវប្បធម៌អប់រំវិទ្យាសាស្ត្របច្ចេកវិទ្យានិងបរិស្ថានជាដើម។ កិច្ចព្រមព្រៀងនេះមានសុពលភាព៥ឆ្នាំគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕