ភ្នំពេញ ៖ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយអង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តនូវរបៀបវារៈ មួយចំនួនដូចខាងក្រោម ៖
១-អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី ដល់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យសិក្សា ដោយ សហការជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង ធនធានទឹក នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។
២- អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី សញ្ជាតិ ដល់គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយ គណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា វិញ។
៣- អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃ គណៈរដ្ឋមន្ត្រី ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើ របាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។
៤- អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្តីពី ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ដល់គណៈកម្មការ
សាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ហើយក្រៅពីនេះអង្គប្រជុំក៏បានអនុម័តសេចក្តី សម្រេចស្តីពីក្រមសីលធម៌របស់តំណាងរាស្ត្រផងដែរ៕