ភ្នំពេញ ៖ រថយន្តថ្មី ប្រភេទដឹកជញ្ជូនចំនួន១២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានពីក្រុមហ៊ុនដំឡើងរថយន្ត ដេហាន អូតូ (ខេមបូឌា) ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ប្រគល់ជូនទៅ សភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA។
នាឱកាសនោះ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមាន នៅក្រោយពិធីប្រគល់-ទទួលរថយន្ត នាព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៨នេះថា រថយន្តចំនួន១២គ្រឿងនេះ ត្រូវបានក្រុមហ៊ុន ដេហាន គ្រុប ផ្តល់ជូន សម្តេចនាយករដ្ឋមន្ត្រី ហើយសម្តេចបានសម្រេចថា ដើម្បីឲ្យការប្រើប្រាស់នេះ បានផលប្រយោជន៍ជាទូទៅដល់ កម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋ សម្តេច បានផ្តល់រថយន្តមួយផ្នែកឱ្យក្រសួងការងារយកទៅចែកបន្ត ដែលក្នុងនោះ រថយន្តចំនួន០៦គ្រឿង ប្រគល់ជូនទៅឱ្យសភាពសហព័ន្ធយុវជនកម្ពុជា និង០៦គ្រឿងទៀត ប្រគល់ជូនទៅសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេច តេជោ ដែលរថយន្តទាំងអស់នេះ ក្រុមការងារនឹងយកទៅទុកសម្រាប់ដឹកជញ្ជូនគ្រូពេទ្យផងនិងបងប្អូនប្រជាពលរដ្ឋដែលមកពិនិត្យនិងព្យាបាល និងការប្រើប្រាស់ទៅតាមយន្តការជាក់ស្តែង។
ជាមួយគ្នានេះ ឯកឧត្តម សុះ មុះសិន អនុប្រធានសភាពសហព័ន្ធយុវជនកម្ពុជា និងលោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណា ប្រធានប្រតិបត្តិនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ពិសេសសម្តេចនាយករដ្ឋមន្ត្រី សម្រាប់អំណោយដ៏ថ្លៃថ្លានេះ និងសន្យាថា នឹងយករថយន្ត ទាំងនេះទៅប្រើប្រាស់ជាផលប្រយោជន៍ទូទៅ សម្រាប់ប្រជាពលរដ្ឋ និង កម្មករនិយោជិត។
លើសពីនេះ ប្រើប្រាស់ជាផលប្រយោជន៍សង្គមទាំងមូល ដោយមិនប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬក៏និន្នាការនិយោបាយ ពោលគឺបើកទូលាយ ចំពោះការប្រើប្រាស់រថយន្ត ពិសេសសម្រាប់ប្រយោជន៍សាធារណៈ ចូលរួមចំណែកមួយរបស់រដ្ឋាភិបាល នៅក្នុងការលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជា បញ្ហាសុខភាពសុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ៕