អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ផេន Mike Pence បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងចាកចេញពីជំនួបកំពូល ដែលមិនធ្លាប់មានពីមុនមក ជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើង នៅខែក្រោយនេះ បន្ទាប់ពីកូរ៉េខាងជើងបាន គំរាម កិច្ចប្រជុំនេះ កាលពីសប្តាហ៍មុន។
លោក Mike Pence បានប្រាប់សារព័ត៌មាន ហ្វក ញ៉ូវស៍ ថា ប្រទេសកូរ៉េខាងជើង មិនគួរព្យាយាមស្វែងរកការសម្របសម្រួល ពីសហរដ្ឋអាមេរិក សម្រាប់ការសន្យាដែលខ្លួនមិនមានបំណងចង់រក្សា នោះទេ។
លោក Mike Pence បាននិយាយថា វានឹងជាកំហុសដ៏ធំមួយ សម្រាប់លោកគីម ជុងអ៊ុន ដែលគិតថាលោក អាចលេងសើចជាមួយនឹងលោក ដូណាល់ ត្រាំ ។
នៅពេលសួរថាតើ លោក ត្រាំ នៅតែអាចដើរចេញពីជំនួបកំពូល ដែលគ្រោងធ្វើនៅថ្ងៃទី 12 ខែមិថុនា នៅប្រទេសសឹង្ហបុរីបានដែរឬ យ៉ាងណា លោក Mike Pence បានឆ្លើបតបនឹងសំនួរនេះថា លោកសុំមិនបញ្ចេញយោបល់៕