ប្រធានាធិបតី កូរ៉េខាងត្បូង បានទៅដល់ សហរដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចដ៏សំខាន់មួយ មុនពេលសន្និសីទពិសេសរវាងមេដឹកនាំជាគូរសត្រូវប្រវត្តិសាស្ត្រ គឺ សហរដ្ឋអាមេរិក និង កូរ៉េខាងជើង ដែលមានគម្រោងធ្វើឡើងនៅថ្ងៃទី 12 ខែ មិថុនា ខាងមុខនេះ។
ប្រធានាធិបតី កូរ៉េខាងត្បូង លោក មូន ចេ-អ៊ីន ជួបជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី 22 ឧសភានេះ ក្នុងទីក្រុង វ៉ាស៊ីនតោន មុនពេលលោក ដូណាល់ ត្រាំ ជួបជាមួយលោក គីម ជុងអ៊ុន នៅថ្ងៃទី 12 ខែ មិថុនា ក្នុងប្រទេស សិង្ហបុរី ។
ជំនួបរវាងមេដឹកនាំសម្ព័ន្ធមិត្តទាំងពីរ ធ្វើឡើងមួយថ្ងៃមុនពេល កូរ៉េខាងជើង រុះរើទីកន្លែងសាកល្បងអាវុធនុយក្លេអ៊ែរ ដែលបានកំណត់ពេលវេលាធ្វើឡើងនៅថ្ងៃទី 23 ដល់ថ្ងៃទី 25 ខែ មិថុនា ។ ការបំផ្លាញទីកន្លែងសាកល្បងអាវុធនុយក្លេអ៊ែរ រួមមាន ការបំផ្លាញផ្លូវក្រោមដីទាំងអស់ ក្នុងតំបន់ ពុងចេ-រី ដោយការបំផ្ទុះគ្រាប់ បំផ្លាញទីតាំងតាមដាន និងអគារផ្សេងៗ ដែលប្រើប្រាស់ជាប៉មត្រួតពិនិត្យ ។
មុនពេលជួបគ្នាដោយផ្ទាល់, លោក ដូណាល់ ត្រាំ និងលោក មូន ចេ-អ៊ីន បានជួបគ្នាតាមទូរស័ព្ទ ដោយសន្ទនាផ្តោតទៅលើបញ្ហាប្រទេស កូរ៉េខាងជើង ពិសេសកម្មភាពជាក់លាក់ទាំងឡាយ ដូចជាការរុះរើទីកន្លែងសាកល្បងគ្រាប់បែកនុយក្លេអ៊ែរជាដើម ។
មេដឹកនាំទាំងពីរ ព្រមព្រៀងទៅលើកិច្ចការរួមដែលកាន់តែជិតស្និត ពិសេសកិច្ចការដែលត្រូវធ្វើមុនពេលសន្និសីទថ្ងៃទី 12 ខែមិថុនា ជាមួយលោក គីម ជុងអ៊ុន ក្នុងប្រទេស សឹង្ហបុរី ដែលជាជំនួបដំបូង ក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ៕