ភ្នំពេញ ៖ ស្របពេលទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងឥណ្ឌា នៅមានបរិមាណតិចតួចនៅឡើយ ប្រទេសទាំងពីរបានប្ដេជ្ញាពង្រឹង និងជំរុញអោយទំហំពាណិជ្ជកម្ម កាន់តែច្រើនឡើង ដោយនឹងមានការវិនិយោគបន្ថែមទៅលើវិស័យមួយចំនួន និងការបន្ថែមការនាំចេញនាំចូលទាំងពីរភាគី ។
តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បង្ហាញថាទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាកាលពីឆ្នាំ ២០១៧ កន្លងទៅមានចំនួន ១២៦លានដុល្លារអាមេរិក ចំណែកឯការវិនិយោគរបស់ឥណ្ឌាក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ ២០១៦ កន្លងទៅមានតែជាង២០លានដុល្លារអាមេរិកប៉ុណ្ណោះ ។
តាមប្រសាសន៍លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអោយដឹងថា បន្ទាប់ពីវេទិកានេះបានបញ្ចាប់ កម្ពុជារំពឹងខ្ពស់លើការធ្វើពាណិជ្ជកម្មរវាងទ្វេរភាគី ដោយនឹងមានការវិនិយោគបន្ថែមទៀតទៅលើវិស័យមួយចំនួន ដូចជាវិស័យអប់រំ សុខាភិបាល និងការនាំចេញនាំចូលជាដើម ។
លោកបន្តថា កម្ពុជាមានកំលាំងពលកម្មសម្រាប់បម្រើអោយការវិនិយោគរបស់ឥណ្ឌា ហើយកម្ពុជាក៏មាននូវកសិឧស្សាហកម្មសម្រាប់សក្ដានុពលវិនិយោគរបស់ឥណ្ឌាផងដែរ ជាក់ស្ដែងផលិផលដំឡូងមី ដែលជាអាចកែច្នៃជាសំបកថ្នាំពេទ្យ ដូចនេះឥណ្ឌាអាចនឹងចាប់អារម្មណ៍លើវិស័យមួយនេះ សម្រាប់នាំដំឡូងមីទៅកែច្នៃជាសំបកថ្នាំពេទ្យនៅប្រទេសឥណ្ឌា រឺក៏អាចមកបណ្ដាក់ទុនកែច្នៃនៅនឹងកន្លែងតែម្ដងក៏បានដែរ ។
លោកបន្ថែមថា ដើម្បីអោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែមានទំហំធំឡើង កម្ពុជា ឥណ្ឌាក៏កំពុងតែជំរុញអោយមានជើងហោះហើរត្រង់ផ្ទាល់តែម្ដង ពីព្រោះបច្ចុប្បន្ននេះ គេឃើញថា ទេសចរកម្ពុជា ទៅប្រទេសឥណ្ឌាក៏ច្រើនដែរ ដែលភាគច្រើនគឺទៅទស្សនកិច្ចនៅតំបន់ប្រវត្តិសាស្ត្រដែនដី កំណើតរបស់ព្រះពុទ្ធ ហើយឥណ្ឌាវិញក៏បានមកកម្ពុជាច្រើនគួសមដែរ ។
លោក ស៊ូរ៉េស ប្រាប៊ូ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងអាកាសចរណ៍ស៊ីវិលឥណ្ឌា បានអោយដឹងថា ឥណ្ឌានឹងជួយផ្សព្វផ្សាយផលិតផលកម្ពុជា តាមរយៈពិព័រណ៍នានានៅប្រទេសឥណ្ឌា សម្របសម្រួល និងជំរុញការវិនិយោគពីឥណ្ឌាមកកម្ពុជា ជាពិសេសក្នុងវិស័យកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្ម និងថ្នាំពេទ្យ ។
លោកបន្តថា រដ្ឋាភិបាលឥណ្ឌាបានរៀបចំកញ្ចប់ថវិកាមួយហៅថា Project Development Fund តាមរយៈធនាគារ អេហ្ស៊ីម ( EXIM Bank ) របស់ឥណ្ឌា ដើម្បីផ្ដល់ជាប្រាក់កម្ចីដល់ក្រុមហ៊ុនឥណ្ឌា ដែលមានបំណងមកវិនិយោគនៅប្រទេស CLMV ។ ក្រៅពីនេះទៀត ក្រសួងពាណិជ្ជកម្មឥណ្ឌាក៏បានសន្យាថានឹងជួយគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ៕