ភ្នំពេញ ៖ សាកសពទារិកាម្នាក់ ដែលមានសភាពនៅស្រស់ៗ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅ ក្បែរគំនរសំរាម តាមចិញ្ចើមផ្លូវមួយកន្លែង កាលពីវេលាម៉ោង១៣និង១០នាទីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយរោងចក្រ កាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលចោមរោមមើល បានសម្តែងការស្តោកស្តាយអាណិតអាសូរយ៉ាងខ្លាំងចំពោះការស្លាប់បាត់បង់ជីវិតរបស់ទារិកា ដែលត្រូវគេយកមកបោះចោលនៅក្បែរគំនរសំរាមដូចខ្មោចសត្វធាតុ។
សូមបញ្ជាក់ថា ហេតុការណ៍នេះតែងតែកើតមានជាញឹកញាប់ណាស់ នៅពេលដែលប្រទះឃើញទារិកាបែបនេះ ទោះជានៅមានជីវិត ឬ បាត់បង់ជីវតិ មិនដែលមាននរណាម្នាក់ចេញមុខអះអងថា ជាទង្វើរបស់ខ្លួននោះទេ។
ក្រោយរាយការណ៍ប្រាប់សមត្ថកិច្ចរួចមក សមត្ថកិច្ច ក៏បានប្រគល់ឱ្យប្រជាពលរដ្ឋ យកទៅបញ្ចុះនៅក្បែរកន្លែងកើតហេតុដោយរៀបចំពិធីតិចតួចតាមបែបសាសនា ដើម្បីអោយព្រលឹងសពទារិកាបានទៅកាន់សុខកតិភព កុំអោយកើតមកអភ័ព្វដូចជាតិនេះទៀត ៕