ភ្នំពេញ ៖ ដើម្បីជំរុញឲ្យការប្រមូលពន្ធយានយន្ត កាន់តែមានប្រសិទ្ធិភាព ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ជាមួយប្រព័ន្ធទិន្នន័យពន្ធគយ ។
ការផ្ទៀងផ្ទាត់គល់បញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ត្រូវបានដាក់អោយដំណើរការសាកល្បង រយៈពេលប្រមាណជាង២ខែមកហើយ គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨មក ដោយការក្នុងរយៈពេលដំណើរការសាកល្បងនេះ បានធ្វើការផ្ទៀងផ្ទាត់គល់បញ្ជីយានយន្តប្រមាណជិត១០ម៉ឺនគ្រឿង ក្នុងនោះ មានរថយន្តប្រមាណ១ម៉ឺន ៣ពាន់គ្រឿង។
បន្ទាប់ពីលទ្ធផលជោគជ័យនៃការដាក់អោយដំណើរការសាកល្បងនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែឧសភាឆ្នាំ២០១៨នេះ ក៏បាន ចាប់ផ្តើមជាផ្លូវការតែម្តង ក្នុងការដាក់អោយដំណើរការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ជាមួយប្រព័ន្ធទិន្នន័យពន្ធគយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការតភ្ជាប់ប្រព័ន្ធនេះ នឹងធ្វើការផ្ទៀតផ្ទាត់លេខសម្គាល់សន្លឹកពន្ធនាំចូល ដើម្បីទាញយកព័ត៌មានយានយន្តមកប្រើប្រាស់ សម្រាប់ការចុះបញ្ជីយានយន្ត ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កភាពងាយស្រួលក្នុងការផ្តល់សេវា ទប់ស្កាត់ការក្លែងបន្លំឯកសារសាធារណៈ ចំណេញពេលវេលាក្នុងការចុះបញ្ជីយានយន្ត និងបង្កើនការប្រមូលចំណូលពន្ធគយផងដែរ៕