ខេត្តរតនគិរី ៖ ស្ត្រីម្នាក់យកកាំបិតផ្គាក់ ទៅកាប់កប្ដីសម្លាប់ចោលទាំងព្រឹក មុននឹងទៅចងកសម្លាប់ខ្លួន បន្ទាប់ពីខ្លួនឯង និងប្ដីមានជម្ងឺរាំរ៉ៃដូចគ្នា ជាច្រើនខែមកហើយព្យាបាលមិនជា។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ និង០០នាទី ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះចំការស្វាយចន្ទី ស្ថិតក្នុងភូមិផាកណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។
ប្ដីជាជនរងគ្រោះមានឈ្មោះ ក្លើស កាទឹម អាយុ៥៣ឆ្នាំ ត្រូវប្រពន្ធកាប់នឹងកាំបិតភ្គាក់ចំកបណ្តាលឲ្យរបួសជាទម្ងន់ ចំណែកប្រពន្ធដែលកាប់ប្ដីនោះមានឈ្មោះ គឹត ស៊ុន អាយុ៤៤ឆ្នាំ អ្នកទាំងពីរ ជនជាតិគ្រឹងដូចគ្នា មានលំនៅ ភូមិ ឃុំ កើតហេតុខាងលើ។
តាមការរាបរាប់ពីសាច់ញាតិរបស់ប្ដីប្រពន្ធទាំងពីរនាក់ បានឲ្យដឹងថា ប្ដីប្រពន្ធនេះមានជម្ងឺរាំរ៉ៃ ជាច្រើនខែមកហើយ បើទោះជាទៅឲ្យគ្រូបូរាណ និងទៅពេទ្យព្យាបាល ជាច្រើនកន្លែង ក៏នៅតែមិនជា។ ហើយប្រពន្ធក៏ព្យាយាមលួចទៅចងកសម្លាប់ខ្លួនជាច្រើនលើកមកហើយដែរ តែប្ដីតាមទាន់ បានរារាំង លួងលោមប្រពន្ធកុំឲ្យចង ក។
ប្រភពបន្តថា ជារៀងរាល់ព្រឹក ពីនាក់ប្ដីប្រពន្ធតែងតែគួកច្របាច់ឲ្យគ្នាទៅវិញទៅមកជារៀងរាល់ព្រឹក ដោយសារព្រឹកឡើងចេះតែមានអាការៈ រមូលក្នុងពោះ និងក្អួតចង្អោរ។ ដោយឡែកនៅព្រឹកថ្ងៃកើតហេតុ ប្ដីក៏មានអាការៈដូចសព្វដង បានហៅប្រពន្ធឲ្យគួកខ្នងឲ្យដូចធម្មតា គ្រាដែលប្ដីអង្គុយបែរខ្នងឲ្យប្រពន្ធគួក ស្រាប់ប្រពន្ធយកកាំបិតភ្គាក់មកកាប់ពីក្រោយចំកញ្ជឹងកតែម្ដង។
លោក ទឺ នូថង អធិការនគរបាលស្រុកវើនសៃ បានឲ្យដឹងថា តាមចម្លើយពីប្រពន្ធដែលកាប់ប្ដីនោះថា គាត់មានបំណងសម្លាប់ប្ដីហើយ ទើបគាត់ទៅចងក សម្លាប់ខ្លួនឯងតាមក្រោយ។ លោកអធិការ បានបន្តទៀតថា ករណីនេះលោកមិនបានចាត់វិធានការតាមច្បាប់ទេ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាសាលាដំបូងខេត្ត។ ដោយអ្នកទាំងពីមានអាការៈធ្ងន់ធ្ងរ គឺលោកបានយកទៅសង្គ្រោះនៅមន្ទីពេទ្យ។
បច្ចុប្បន្ន ប្ដីប្រពន្ធទាំងពីរនាក់ ត្រូវអធិការនគរបាលស្រុកវើនសៃ ឲ្យសំរាកព្យាបាលនៅមន្ទីរស្រុកវើនសៃ ហើយប្រគល់ឲ្យក្រុមគ្រួសារអ្នកមើលថែទាំ តាមការសម្របសម្រួលរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី៕