ឥណ្ឌា ៖ តារាភាពយន្តបូលីវូត និងជាអគ្គរដ្ឋទូតសុច្ឆ័ន្ទះអង្គការយូណេសេហ្វ UNICEF នាង ព្រីយ៉ានកាចូប្រា បានអំពាវនាវសុំឲ្យ សហគមន៏អន្តរជាតិ បង្កើនការគាំទ្រ ស្ត្រីនិងកុមារ ជនជាតិរ៉ូហ៊ីនយ៉ា ដែលបានភៀសខ្លួនចូលទៅកាន់ប្រទេសបង់ក្លាដេស គេចចេញពីការ បង្ក្រាបដោយយោធា ក្នុងប្រទេសមីយ៉ាន់ម៉ា។
តារាភាពយន្តឥណ្ឌា នាងចូប្រា ត្រូវបានគេ ស្គាល់ តាមរយៈការសម្តែងភាពយន្តជាច្រើនរឿង បាននិយាយនៅក្នុងសន្និសីទសារព័ត៌ មាន បន្ទាប់ពី ធ្វើដំណើរទស្សនកិច្ចទៅកាន់ ជំរុំជនភៀសខ្លួន គូទូបាឡុង បាលូកហាលី ក្នុងតំបន់ខុកបាសា ប្រទេសបង់ក្លាដេស។
តារាភាពយន្តស្ត្រីវ័យ៣៥ឆ្នាំរូបនេះ បានជំរុញ ឲ្យ សហគមន៏ អន្តរជាតិ ដោះស្រាយបញ្ហាកុមារជនជាតិរ៉ូហ៊ីនយ៉ា ដែលកំពុងរស់នៅគ្មាន សិទ្ធជាមូលដ្ឋានក្នុងការទទួលអាហារ ទឹកស្អាត ទីជម្រក ការសិក្សាអប់រំ និងអនាម័យឲ្យ បានសមរម្យ។ ការឆ្លើយតបរបស់យោធា ទៅនឹងការវាយប្រហារដោយក្រុមប៉ះបោ លើ ប៉ុស្ត៏ប៉ូលីស និងមូលដ្ឋានកងទ័ពមួយកន្លែង នៅរដ្ឋរ៉ាខាញភាគខាងជើង កាលពីខែសីហា ឆ្នាំកន្លងទៅ បានជម្រុញឲ្យ ជនមូស្លីម រ៉ូហ៊ីនយ៉ា ជិត៧សែននាក់ ឆ្លងកាត់ព្រំដែន ចូល ទៅកាន់ប្រទេសបង់ក្លាដេសដែលភាគច្រើន កំពុងចោទប្រកាន់កងកម្លាំងសន្តិសុខ ពីបទ កាប់សម្លាប់ រំលោភ និងដុតផ្ទះនៅក្នុងភូមិ។
កាលពីខែមិនា អង្គការសហប្រជាជាតិ បាន អំពាវសុំថវិកា ចំនួន ៩៥១លានដុល្លារ ដើម្បីជួយ ជនភៀសខ្លួនរ៉ូហ៊ីនយ៉ា រយៈពេលពេញ មួយឆ្នាំ ប៉ុន្តែវានៅតែ តិចជាង២០ភាគរយ ដែលបានផ្តល់មូលនិធិ៕