ភ្នំពេញ ៖ ក្នុងចំណោមរបៀបវារៈសំខាន់ៗ ដែលត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋ មន្ត្រី នៅព្រឹកថ្ងៃសុក្រនេះ សេចក្តីព្រាងច្បាប់ «ស្តីពីប្រាក់ឈ្នួលអប្បរមា» ត្រូវបាន អនុម័តទាំងស្រុង ដោយមិនមានការកែប្រែនោះឡើយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា រួមនិង មន្ត្រី ជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែឧសភា នេះ ដោយកំណត់យករបៀបវារៈសំខាន់ចំនូន៤ រួមនិងបញ្ហាមួយចំនួនទៀត មកពិភាក្សា ដើម្បីកែ សម្រួល និង អនុម័ត ក្នុងនោះ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
សូមបញ្ជាក់ថា ក្នុងចំណោមរបៀបវារៈទាំងនេះ សេចក្តីព្រាងច្បាប់ «ស្តីពីប្រាក់ឈ្នួលអប្បរមា» ត្រូវបាន កិច្ចប្រជុំគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងដោយមិនមានការកែប្រែនោះឡើយ។
បើតាម ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សេចក្តីព្រាង ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា មានគោលបំណង និងគោលដៅ ដូចជា ៖
– ការលើកកម្ពស់ជីវភាពរស់នៅសមរម្យ ថ្លៃថ្នូរ បង្កើតឱកាសការងារ និងបង្កើនផលិតភាពរបស់ កម្មករនិយោជិត។
– ជម្រុញអោយមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរ ប្រកបដោយភាព ទាក់ទាញ។
– ធានាការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅ ក្រោម បទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ។
– បង្កើតនីតិវិធីកំណត់ប្រាក់ឈ្នួលអប្បបរមាតាមបែបវិទ្យាសាស្ត្រ ដោយផ្អែកលើ លក្ខណៈវិនិច្ឆ័យ បែបសង្គម និងសេដ្ឋកិច្ច។
– បង្កើតក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីជាយន្តការត្រីភាគីសម្រាប់ សិក្សាស្រាវជ្រាវ និងផ្តល់អនុសាសន៍អំពីប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ ផ្សេងៗរបស់ជនទាំងឡាយ ដែល ស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ត្រូវបានរៀបចំតាក់តែងនៅដើម ឆ្នាំ ២០១៦ ដោយសេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់ជូនកិច្ចប្រជុំត្រីភាគីពិភាក្សា ដើម្បីធានា ដំណើរ ការយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា។ ច្បាប់នេះ គឺមានវិសាលភាពគ្របដណ្ដប់លើស សហគ្រាស ឬគ្រឹះស្ថាន និងជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ៕