ភ្នំពេញ ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកថា អគារកម្ពស់៣៩ជាន់របស់ វឌ្ឍនៈ កាពីតាល ដែលជាបណ្តុំពហុពាណិជ្ជកម្មទំនើបៗលំដាប់ពិភពលោក បានប្រែក្លាយមុខមាត់សោភ័ណ្ឌភាពរបស់រាជធានីភ្នំពេញ ខណៈកម្ពុជាកំពុងត្រូវការចាំបាច់ក្នុងការចូលរួមពីវិស័យឯកជន ដើម្បីបន្តការអភិវឌ្ឍទាំងក្នុងសេដ្ឋកិច្ចផែនការ និងសេដ្ឋកិច្ចទីផ្សារ។
អគារ «វឌ្ឍនៈកាពីតាល» ឬហៅថា អគារ «ចក្កវាឡប្លែកគេ» ដែលជាអគារ ពាណិជ្ជកម្មពហុមុខងារ មានកម្ពស់ ៣៩ជាន់ ស្ថិតនៅក្នុងខណ្ឌដូនពេញរាជធានី ភ្នំពេញ ត្រូវបាន បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃសៅរ៍ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
អគារវឌ្ឍនៈ កាពីតាល ដែលមានកម្ពស់៣៩ជាន់ ស្មើនឹងកម្ពស់១៨៦ម៉ែត្រនេះ ត្រូវ បាន ចំណាយថវិកាសម្រាប់ការសាងសង់និងដំណើរការ អស់ប្រមាណ២៥០លានដុល្លារអាមេរិក ដោយអគារពាណិជ្ជកម្មដ៏ទំនើបមួយនេះ ប្រមូលផ្តុំទៅដោយសេវាកម្មចម្រុះជាច្រើន ចែកចេញជាបីផ្នែក គឺចាប់ពីជាន់ក្រោមដី និងផ្នែកខ្លះនៃជាន់ទី១ គឺជា ហាងលក់ទំនិញម៉ាកល្បីៗលំដាប់អន្តរជាតិ! ហើយផ្នែកខ្លះនៃជាន់ទី១ ដល់ជាន់ទី២ គឺជាការិយាល័យកណ្តាលរបស់ធនាគារវឌ្ឍនៈ! ចាប់ពីជាន់ទី៣ ដល់ជាន់ទី២៣ ជា ទីតាំងអគារការិយាល័យសម្រាប់ជួល! និងចាប់ពីជាន់ទី២៥ ដល់ជាន់ទី៣៩ គឺជា សណ្ឋាគារលំដាប់ផ្កាយ៥ Rosewood ដែលបានជួលដោយក្រុមហ៊ុន Rosewood មកពីសហរដ្ឋអាមេរិក។ ចំពោះវត្តមាននៃអគារពាណិជ្ជកម្មពហុមុខងារ វឌ្ឍនៈ កាពីតាល នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា គឺជាមោទនភាពមួយ សម្រាប់កម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ ដោយសារ អគារនេះ បានទាក់ទាញ ក្រុមហ៊ុនលំដាប់ពិភពលោកជាច្រើន ចូលមកបើកដំណើរការ និង បាននាំមកនូវ ផលិតផលម៉ាកល្បីៗពីបរទេសមកលក់ក្នុងអគារពាណិជ្ជកម្មនេះ។ សម្តេចតេជោ រំពឹងថា នាពេលខាងមុខទីក្រុងភ្នំពេញក៏នឹងអាចក្លាយជាទីផ្សារដ៏ពេញនិយម សម្រាប់ ទិញទំនិញដ៏សំបូរបែបមួយ ខណៈដែលនាពេលបច្ចុប្បន្ន មានមនុស្សជាច្រើនបានធ្វើ ដំណើរទៅទិញទំនិញល្អៗនៅទីក្រុងហុងកុង និង ប្រទេសសិង្ហបុរី ជាដើម។
សម្តេចតេជោ បានលើកទឹកចិត្តអោយ មានការផលិតទំនិញក្នុងស្រុក ដែលផ្តោតទាំងលើគុណភាពប្រណិត និង ទំនិញដែលផ្តោតលើបរិមាណ សម្រាប់ បំពេញតាមតម្រូវការរបស់អតិថិជន ។ សម្តេចក៏បាន គូសបញ្ជាក់ដែរថា ទោះបីជាពេលនេះកម្ពុជាមានការរីកចម្រើនប៉ុណ្ណេះក៏ដោយ តែកម្ពុជានៅតែត្រូវការការ ចូលរួម របស់វិស័យឯកជន ដើម្បីពង្រីកការវិនិយោគបន្ថែម ទៀត ជាពិសេសក្នុង រាជធានី ភ្នំពេញ ស្របទៅនឹងការពង្រីកខ្លួនរបស់រាជធានីភ្នំពេញ ដែលពីមុនមានទំហំ ប្រមាណ ៣០០គីឡូម៉ែត្រការ៉េ កើនដល់ជាង៦០០គីឡូម៉ែត្រការ៉េ នាពេលនេះ។
សូមបញ្ជាក់ថា បើតាមការបញ្ជាក់ពី លោកជំទាវ ឧកញ៉ា ឈុនលាង សហស្ថាបនិក ក្រុមហ៊ុនវឌ្ឍនៈគ្រុប ដែលជាក្រុមហ៊ុនវិនិយោគឯកជនដ៏ធំមួយ បង្ហាញថា ក្រុមហ៊ុន នេះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរ ជាង២ម៉ឺន៦ពាន់នាក់នាពេលបច្ចុប្បន្ន ហើយរំពឹងថានឹងបង្កើនកន្លែងការងាររហូតដល់ ៥ពាន់នាក់នាពេលអនាគត។
ដោយឡែក គួរបញ្ជាក់ដែរថា អគារវឌ្ឍនៈកាពីតាល ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទំនើបដែលមានកម្ពស់៣៩ជាន់ មានទំហំផ្ទៃអគារសរុប១៣ម៉ឺន១ពាន់មែត្រការ៉េ ដោយ ត្រូវបានសាងសង់ឡើងលើទំហំផ្ទៃដី ប្រមាណ៨ពាន់មែត្រការ៉េ។ លក្ខណៈ ពិសេសរបស់អគារនេះ មានជណ្តើរយន្តចំនួនដល់ទៅ៣១កន្លែង ដោយអ្នកធ្វើដំណើរឡើងចុះក្នុងអគារនេះ ចំណាយពេលរង់ចាំមិនដល់ ៣០វិនាទីផង ខណៈដែល អគារធំ ៗ ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន មានជណ្តើរយន្តត្រឹមពី ៦ទៅ៨ខ្សែតែ ប៉ុណ្ណោះ។ អគារវឌ្ឍនៈនេះ ក៏បានទទួលវិញ្ញាបនបត្រពីសហរដ្ឋអាមេរិក ថាជាប្រភេទ សំណង់ដែលសាងសង់ឡើងគិតពីដល់បរិស្ថាន និងបំពាក់ដោយប្រព័ន្ធសវុត្ថិភាព មានផាសុកភាព និងបរិស្ថានល្អផងដែរ។
ម្យ៉ាងវិញទៀត អគារនេះ គឺត្រូវបានរចនា ឡើងដោយយកនិមិត្តរូប នាគរាជ ដែលបង្ហាញពីភាពខ្លាំងក្លា ភាពរីកចម្រើនជឿន លឿន និង សុខសន្តិភាពបរិបូរណ៌ ក្នុងសម័យតេជោ៕