ភ្នំពេញ ៖ បើមើលតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ទីក្រុងកោះពេជ្រ មានសំណង់អាគារ ពាណិជ្ជកម្ម លំនៅដ្ឋាន ខុនដូជាច្រើន កំពុងបង្ហាញវត្តមានរួចទៅហើយក្នុងតំបន់កោះពេជ្រនោះ ប៉ុន្តែ បើតាមក្រុមហ៊ុនអភិវឌ្ឍគម្រោងទីក្រុងកោះពេជ្រនេះបង្ហាញថា មកដល់ពេលនេះទើបសម្រេច បានការអភិវឌ្ឍត្រឹម៣០ ទៅ៤០ភាគរយ ប៉ុណ្ណោះ
ក្រុមហ៊ុន OCIC ដែលជាអ្នកអភិវឌ្ឍគម្រោងទីក្រុងរណបកោះពេជ្រ បានបង្ហាញ ថា ទោះបីជានៅក្នុងតំបន់កោះពេជ្រ មានសកម្មភាពអភិវឌ្ឍន៍ និងសំណង់នានាកើនឡើងច្រើន យ៉ាង ណាក្តី ប៉ុន្តែបច្ចុប្បន្នផ្ទៃដីកោះពេជ្រទាំងមូល ទើបប្រើប្រាស់បានចន្លោះពី៣០ ទៅ៤០ភាគ រយ ប៉ុណ្ណោះ។ ទន្ទឹមនោះ គំរោងទីក្រុងរណបនេះ មិនអាចបញ្ចប់ការសាងសង់ ក្នុងរយៈពេលខ្លីបាន នោះទេ ព្រោះត្រូវការពេលវេលាច្រើន ដើម្បីបញ្ចប់តាមផែនការ។ នេះបើតាមការចេញផ្សាយរបស់ គេហទំព័រ Propertyarea.asia ។
ក្រុមហ៊ុន OCIC ក៏បានបញ្ជាក់ដែរថាបច្ចុប្បន្នក្រុមហ៊ុនកំពុង សិក្សា ពីស្ថានភាពទីផ្សារ និងលំហូរប្រជាជនថា តើពួកគាត់នឹងទៅកាន់ទីក្រុងជ្រោយចង្វារឬទេ? ព្រោះក្រុមហ៊ុនមានបំណងរើ សាលរោងការ សាលពិព៌ណ និងកន្លែងលេងកំសាន្តពីទីក្រុងកោះ ពេជ្រ ទៅកាន់ទីក្រុងរណបជ្រោយចង្វារវិញ នាពេលអនាគត។ បច្ចុប្បន្នទីក្រុងកោះពេជ្រ មាន គំរោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជាគំរោងខុនដូ D I RIVIERA, Diamond Twin Tower, La Sen, Alysee, Diamond One ជាដើម។ ទីក្រុងកោះពេជ្រនេះក៏គ្រោងសាងសង់អាគារកំពស់៥៥៥ ម៉ែត្រ ផងដែរ ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា គំរោងនេះមិនដឹងថាពេលណានឹងចាប់ផ្តើម ឬក៏ត្រូវលុប ចោល នៅឡើយនោះទេ៕