ភ្នំពេញ ៖ ករណីស្លាប់ពលរដ្ឋ និងច្រើនរយនាក់ទៀតធ្លាក់ខ្លួនឈឺ នៅស្រុកចិត្របុរី ខេត្តក្រចេះ កន្លងទៅ ត្រូវបានក្រសួងជំនាញពាក់ព័ន្ធចំនួន៣ ចេញសេចក្តីប្រកាសរួមគ្នាបកស្រាយថា បណ្តាលមកពីស្រាស មានជាតិមេតាណុលខ្ពស់ និងសារធាតុគីមីសម្លាប់សត្វល្អិត ដែលគេប្រើក្នុងវិស័យកសិកម្ម។
សូមរំឭកថា កាលពីថ្ងៃទី៧ ខែឧសភាអ្នកភូមិ២៣៤នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងនោះ ១៣នាក់បានស្លាប់។ ក្រោយមករដ្ឋបាលខេត្តក្រចេះបានសន្និដ្ឋានថា មកពីស្រា ស មានជាតិ មេតាណុលខ្ពស់ និងទឹកព្រែកទេរ ដែលពលរដ្ឋប្រើប្រាស់មានជាតិ ក្រូម។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មលោក ចម ប្រសិទ្ធ កាលពីថ្ងៃទី១៧ ខែឧសភា ប្រាប់ អ្នកសារព័ត៌មានថា ទឹកព្រែកទេរ មានសារធាតុគីមី ម្យ៉ាងឈ្មោះ ស្យានីដ ដែលសារធាតុពុលនេះ គេប្រើសម្រាប់លាង រ៉ែលោហៈ។
នៅថ្ងៃទី២៥ ខែឧសភា នេះ លោក ចម ប្រសិទ្ធ បានចុះហត្ថលេខាក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ជាមួយរដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បំភ្លឺថា ករណី ពុលនៅឃុំកន្ទួត ស្រុកចិត្របុរីនេះ មកពីស្រាស និងសាធាតុគីំមីពុលសម្លាប់ស្មៅ និងសត្វល្អិត និងត្រូវបន្តសហការគ្នា ដើម្បីបង្ការ ទប់ស្កាត់ ជៀសវាងមានការកើតឡើងថ្មីទៀត។
គួរបញ្ជាក់ថា រដ្ឋមន្ត្រី៣រូប ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ស្តីបន្ទោសធ្ងន់ៗនៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ គឺលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានឆ្លើយដាក់គ្នាជុំវិញករណី ប្រជាពលរដ្ឋពុលនៅក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ៕