ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសក្នុងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ បានកើតឡើងចំនួន៨លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ រងរបួសធ្ងន់ ៥នាក់ (ស្រី១នាក់) របួសស្រាល៣នាក់ (ស្រី១នាក់) មិនពាក់ពួកសុវត្ថិភាពេលគ្រោះថ្នាក់១នាក់។ នេះយោងតាមរបាយការណ៍នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១២គ្រឿង ក្នុងនោះមានម៉ូតូ ៤គ្រឿង រថយន្តតូច ៤គ្រឿង រថយន្តធំ ២គ្រឿង និងយានផ្សេងៗ ២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៣លើក(ស្លាប់៣នាក់) មិនគោរពសិទ្ធិ ៤លើក(ស្លាប់២នាក់) ប្រជែង ១លើក(ស្លាប់១នាក់) ។
របាយការណ៍ខាងលើបញ្ជាក់ថា គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៦លើក ផ្លូវខេត្ត ២លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តតូច ៣លើក រថយន្តធំ ២លើក ។ ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តបន្ទាយមានជ័យ ២លើក ស្លាប់២នាក់, ប៉ៃលិន ១លើក ស្លាប់១នាក់ របួស៣នាក់, កំពង់ស្ពឺ ១លើក ស្លាប់១នាក់ របួស២នាក់(ស្រី១នាក់), ព្រះសីហនុ ១លើក ស្លាប់១នាក់ របួស៣នាក់ និងខេត្តកំពង់ចាម ១លើក ស្លាប់១នាក់(ស្រី) ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល២៥ថ្ងៃ ចាប់គិតពីថ្ងៃទី០១ ដល់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ កើតឡើងចំនួន ២០៨លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១១២នាក់ របួសសរុប ២៧១នាក់ របួសធ្ងន់ ១៩០នាក់ របួសស្រាល ៨១នាក់ ៕