ម៉ាឡេស៊ី ៖ អាជ្ញាធរ នឹងបញ្ចប់ការស្វែងរកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH370 នៅថ្ងៃទី 29 ខែឧសភា បន្ទាប់ពីបានខិតខំអស់រយៈពេលជាងបួនឆ្នាំ ដើម្បីស្វែងរកយន្តហោះ Boeing 777 ដែលបាត់ដាន នៅក្នុងអ្វីដែលជាអាថ៌កំបាំងអាកាសចរណ៍ធំបំផុតរបស់ពិភពលោក។
ជើងហោះហើរ MH370 បានបាត់ ក្នុងផ្លូវធ្វើដំណើរពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី 8 ខែមីនាឆ្នាំ 2014 ជាមួយមនុស្ស 239 នាក់ ដែលភាគច្រើន ជាជនជាតិចិន នៅលើយន្តហោះ។ ប្រទេសអូស្ត្រាលី ចិន និងម៉ាឡេស៊ី បានបញ្ចប់ការស្វែងរករបស់ខ្លួន កាលពីខែមករាឆ្នាំមុន។
កាលពីខែមករា ប្រទេសម៉ាឡេស៊ីបានព្រមព្រៀង បង់ប្រាក់ទៅឱ្យក្រុមហ៊ុនរុករក អសិន អ៊ីនហ្វីនីធី Ocean Infinity ជាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលមានផ្ទាល់ខ្លួននាវា(ស៊ីប៊ែត ខុនស្ត្រាក់ធឺរ) Seabed Constructor ក្នុងតម្លែរហូតដល់ 70 លានដុល្លារប្រសិនបើរកឃើញយន្តហោះ ក្នុងរយៈពេល 90 ថ្ងៃ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក អាធូនី លូកេ Anthony Loke បាននិយាយថា នាវារុករករបស់ក្រុមហ៊ុន Ocean Infinity បានបញ្ចប់ការរុករក នៅខែមេសា ហើយបានស្នើសុំពន្យារពេល រហូតដល់ថ្ងៃទី 29 ខែឧសភា។
ក្រុមអ្នកស៊ើបអង្កេតជឿជាក់ថា មាននរណាម្នាក់ អាចបិទប្រព័ន្ធបញ្ជូនទិន្នន័យរបស់យន្តហោះ Boeing 777 ដោយចេតនា មុនពេលនៅលើមហាសមុទ្រឥណ្ឌា។ បំណែកជាច្រើននៃយន្តហោះ ត្រូវបានប្រមូលពីកោះមហាសមុទ្រឥណ្ឌា និងតាមបណ្ដោយឆ្នេរខាងកើតរបស់ទ្វីបអាហ្វ្រិក ដោយយ៉ាងហោចណាស់ មានបំណែកចំនួន៣ ត្រូវបានអះអាងថាជារបស់យន្តហោះដែលបាត់ដាន៕