ភ្នំពេញ ៖ រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា នេះបានរៀបចំឱ្យមានវេទិការតុមូល សម្រាប់អ្នកនយោបាយ ពិភាក្សាគ្នា និងបង្ហាញអំពី កម្មវិធីនយោបាយរបស់គណបក្សដែលមានឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
នៅក្រោយកិច្ចពិភាក្សានោះ លោក បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការរៀបចំឱ្យមានកិច្ចពិភាក្សា របស់គណបក្សនយោបាយនៅថ្ងៃនេះ គឺចង់ឱ្យគណបក្សនយោបាយទាំងអស់ បង្ហាញនូវទស្សនវិស័យ ដែលជាគោលនយោបាយរបស់ខ្លួន បង្ហាញដល់ម្ចាស់ឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យគាត់ផ្តល់នូវជំនឿចិត្ត ថាអាចនឹងដឹកនាំប្រទេសបាន នៅពេលដែល ជាប់ឆ្នោត។
សូមបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាពេញមួយថ្ងៃនេះ រាជបណ្ឌិតសភាកម្ពុជា បានអញ្ជើញគណបក្សនយោបាយចំនួន២០ ដែលមានឈ្មោះនៅក្នុងបញ្ជី គ.ជ.ប. ប៉ុន្តែមានគណបក្សនយោបាយចំនួន២ ដែលមិនបានចូលរួមគឺ គណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។
សូមជម្រាប់ថា ព្រឹកមិញនេះ មានគណបក្សនយោបាយចំនួន៩ចូលរួម និងលឲពេលល្ងាចថ្ងៃដដែលនេះ នឹងមានគណបក្សនយោបាយចំនួន៩ទៀតនឹងចូលមកពិភាក្សា។ ដោយឡែកចាប់ពីថ្ងៃស្អែកទៅ ក្នុង១ថ្ងៃនឹងមានគណបក្ស ចំនួន២ នឹងមកពិភាក្សាជាបន្តបន្ទាប់៕