ឃាត់ខ្លួន​បុគ្គលិក​អង្គការ​KKEV​ម្នាក់ ពីបទ​ចាប់រំលោភ​អនីតិជន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 April, 2015 ក+ ក-

​ភ្នំពេញ​៖ នគរបាល​មូលដ្ឋាន​ចាប់ខ្លួន សន្ដិសុខ​យាម​នៅ​អង្គការ​ KKEV ​ម្នាក់ បញ្ជូនទៅតុលាការ ដោយ​ចោទប្រកាន់​ពីបទ​ចាប់រំលោភ ក្មេងស្រី​ជា​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​។​
​ការឃាត់ខ្លួន​នេះ បាន​ធ្វី​ឡើង កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ ទី​១០ ខែមេសា ឆ្នាំ​២០១៥ នៅក្នុង​បរិវេណ ទីតាំង​អង្គការ​នោះ ដែល​ស្ថិតនៅ​ក្នុងភូមិ សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​

​ជនសង្ស័យ​នោះ​ឈ្មោះ ទន់ ស៊ីណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បម្រើការ​និង​ស្នាក់នៅ ក្នុង​អង្គការ​KKEV ។ ចំណែក​ក្មេងស្រី​រង គ្រោះ​អាយុ​១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៣ រៀន និង​ស្នាក់​នៅក្នុង​អង្គការ​ជាមួយគ្នា ។​

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខណៈ កុមារី​រងគ្រោះ​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ជាន់​ផ្ទាល់​ដី​ក្នុង អង្គការ ពេលនោះ​ជនជាប់ចោទ​បាន​ដើរមក​ជិត​ក្មេង ស្រី​រួច​ងក់ក្បាល​៣​ដង​ដាក់​នាង ។ ក្មេងស្រី ងឿងឆ្ងល់​នឹង​ទង្វើ​របស់​ជន​នោះ​ក៏​ដើរ តាម​សួរនាំ​រហូតដល់​ម្ងា​យ​ប្រហែល​៣០​ម៉ែត្រ​ពី​កន្លែង​មើល​ទូរទស្សន៍ ។ ពេល​ឃើញ​ឱកាសល្អ​ជនសង្ស័យ​បាន​ចាប់ នាង​ឱប រួច​និយាយ​លួងលោម​ថា “​ស្រឡាញ់​ប៉ា​ឬទេ​” តែ​នាង​ពុំបាន​ឆ្លើយ តប​ឡើយ ។ បន្ទាប់មក​ជនសង្ស័យ​ក៏ បាន​នាំ​កុមារី​រងគ្រោះ​ឡើងទៅ​បន្ទប់ របស់គេ​រួច​ក៏​ធ្វើ​សកម្មភាព​រំលោភ​បានសម្រេច ។​

លុះដល់​ពេល​រសៀល​ក្រោយ​កើតហេតុ ក្មេងស្រី​រងគ្រោះ​ក៏បាន​និយាយ​រឿងនេះ ប្រាប់​អ្នកគ្រូ​របស់​នាង​ឈ្មោះ ម៉ែន សុគន្ធា ហើយ​អ្នកគ្រូ​ក៏​បានមក​រាយការណ៍​រឿង នេះ​ប្រាប់​លោកស្រី ឡេង ប៊ុណ្ណា ប្រធាន អង្គការ​ទើប​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន​ឲ្យ​មក​ចាប់ខ្លួន​សន្ដិសុខ រូបនោះ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ចែង​បន្ដ​តាម​នីតិវិធី ៕

213