ភ្នំពេញ ៖ ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ផាន់យ៉ារ៉ាក់ ភុលថាប់ ព្រឹកថ្ងៃទី២៨ ឧសភានេះបានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុង ជំនួបនេះឯកឧត្តមទូតបានសន្យាបន្ត ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅ លើគ្រប់វិស័យក្នុងនាមជាប្រទេសក្បែរខាងគ្នា ដែលមានសាសនា ប្រពៃណី ទំនៀមទម្លាប់ ដូចគ្នា ឬត្រដៀងគ្នា។
លោក ផាន់យ៉ារ៉ាក់ ភុលថាប់ បានជម្រាបសម្តេចប្រធានសភាកម្ពុជាថា កាលពី ៣០ ឆ្នាំមុន ឯកឧត្តមគឺជាមន្ត្រីនៃក្រសួងការបរទេសថៃ ដែលឯកឧត្តមបានធ្វើកិច្ចការច្រើនទាក់ទង ទៅនឹងជំនួបទ្វេភាគីរវាងកម្ពុជាថៃ និងបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍ នយោបាយរបស់ប្រទេសកម្ពុជាផងដែរ។
ជាមួយគ្នាឯកឧត្តមទូតបានវាយតម្លៃខ្ពស់ចំពោះការ រក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងប្រទេសកម្ពុជា ដែលជា ការផ្តល់ឱកាសដ៏សមស្របមួយសម្រាប់កិច្ចការអភិវឌ្ឍន៍ប្រទេស។ ឯកឧត្តម ផាន់យ៉ារ៉ាក់ ភុលថាប់ ថា លោកបានសិក្សាស្វែងយល់អំពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនយោបាយឈ្នះឈ្នះនេះនាំអោយកម្ពុជាមានការឯកភាពទឹកដី មានសនិ្តភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍន៍រហូតមកដល់បច្ចុប្បន្ន។
ក្នុងជំនួបនេះ ឯកអគ្គរាជទូតថៃថ្មីរូបនេះក៏បានសន្យាជាមួយសម្តេចប្រធានសភាកម្ពុជា អំពីការខិតខំបំពេញការងារការទូត ដើម្បីប្តូរមកវិញនូវការរីកចំរើនខាងទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជាថៃ ជាពិសេសកិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋ កិច្ច និងពាណិជ្ជកម្ម។ ជាមួយគ្នានេះឯកឧត្តមបានជម្រាបជូនសម្តេចពញាចក្រី ហេង សំរិន ថា កាលពីខែមិនាកន្លងទៅនេះ ប្រទេសយើងទាំងពីរបានសម្រេចបើកច្រកអន្តរជាតិថ្មីមួយបន្ថែម ទៀតដើម្បីជម្រុញលំហូរនៃការដោះដូរទំនិញ ហើយនៅមានច្រកអន្តរជាតិចំនួន៣បន្ថែមទៀត នឹងត្រូវបើកអោយដំណើរការនាពេលខាងមុខស្របតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃ ប្រទេសទាំងពីរ។
សម្តេចពញាចក្រី ហេង សំរិន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក ផាន់យ៉ារ៉ាក់ ភុលថាប់ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជា ណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបានជូនពរអោយការបំពេញការងាររបស់ ឯកឧត្តមទទួលបានជោគជ័យ ដោយសម្តេចបានគូសបញ្ជាក់ថា គ្រប់បណ្តាក្រសួងស្ថាប័ន របស់កម្ពុជានឹងធ្វើកិច្ចសហការជាមួយឯកឧត្តមទូតយ៉ាងជិតស្និទ្ធបំផុត៕