សៀមរាប ៖ ត្រីមេពូជ និងកូនត្រី រួមជាមួយប្រភេទសត្វទឹកកំរដូចជាកន្ធាយ អណ្តើក ជាដើម នឹងត្រូវព្រលែងចូលក្នុងកសិណនៃប្រាសាទអង្គរវត្ត ក្នុងទិវាមច្ឆាជាតិថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន។
ថ្លែងនៅក្នុងបទបង្ហាញនៃកិច្ចប្រជុំពិភាក្សាកិច្ចការរៀបចំទិវាមច្ឆាជាតិ នាថ្ងៃទី២៨ ខែឧសភានេះនៅឯស្នងការដ្ឋាននគរបាលខេត្តសៀមរាប តំណាងរដ្ឋបាលជលផលបានលើកឡើងថា កូនត្រី និងត្រីមេពូជដែលជាប្រភេទត្រីកម្រ និងសត្វទឹកកម្រដទៃទៀត ដូចជាកន្ធាយ អណ្តើក បង្កងជាដើម នឹងត្រូវព្រលែងនៅក្នុងពិធី ប្រារព្ធទិវាមច្ឆាជាតិ។ តំណាងដដែល បានឲ្យដឹងថា ការព្រលែងកូនត្រីចូលកសិណទឹកអង្គរវត្តនេះ វាបានជួយរួមចំណែកសម្អាតទឹកតាមរយៈត្រីស៊ីស្លែឬសារ៉ាយ ដែលដុះនៅក្នុងផ្ទៃទឹក ធ្វើឲ្យខូចសោភ័ណភាពទឹក។
តាមគំរោង ក្នុងពិធីប្រារព្ធទិវាមច្ឆាជាតិនៅមុខប្រាង្គប្រាសាទអង្គវត្តនេះ នឹងមានអ្នកចូលរួមប្រមាណជាមួយម៉ឺននាក់ចូលរួម ប៉ុន្តែដោយសារទីតាំងនេះ មិនអាចទទួលបាន ទើបគណៈកម្មការសម្រេចរៀបចំឲ្យមានអ្នកចូលរួមត្រឹមតែប្រមាណ ៧ពាន់នាក់ប៉ុណ្ណោះ។
លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសន្តិសុខ បានមានប្រសាសន៍ថា ទីតាំងប្រារព្ធពិធីនេះ គឺមានលក្ខណៈល្អប្រសើរ ។ ប៉ុន្តែលោកបានជម្រុញឲ្យរដ្ឋបាលសាលាខេត្តសៀមរាប និងអាជ្ញាធរអប្សរា រៀបចំឲ្យបានម៉ត់ចត់ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ភ្ញៀវ ទេសចរណ៍។
ជាការឆ្លើយតបលោកលី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា រដ្ឋបាលសាលាខេត្ត ត្រៀមខ្លួនជានិច្ចសម្រាប់ការរៀបចំពិធីទិវាមច្ឆាជាតិនេះ ។ លោកថា ចំពោះការបង្វៀងចរាចរណ៍នៅថ្ងៃប្រារព្ធពិធី អាជ្ញាធរនឹងគិតគូរជាបន្ត៕