វៀតណាម ៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ជូលី ប៊ីសប បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំការទូតអូស្ត្រាលី – វៀតណាមលើកទី 1 ។
កិច្ចប្រជុំនេះ គឺជាលទ្ធផលនៃភាពជាដៃគូយុទ្ធសាស្ត្រថ្មី រវាងប្រទេសអូស្ត្រាលី និងវៀតណាមដែលបានចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាខម ធឺនប៊ុល និងនាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀន ស៊ុនភុក នៅមុនកិច្ចប្រជុំកំពូលអាស៊ាន – អូស្ត្រាលី នៅខែមីនាឆ្នាំ 2018 ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) មុនដំណើរទស្សនកិច្ចនេះ លោកស្រីប៊ីសប បាននិយាយថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នឹងបង្កើតមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ចដ៏រឹងមាំ សន្តិភាព សន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ និងសន្តិសុខច្បាប់ ការពង្រឹងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍន៍។
គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានរួមគ្នា លើការរចនា និងការសាងសង់ស្ពាន ខៅឡាញ់ នៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលនឹងជួយតភ្ជាប់ប្រជាជន18 លាននាក់ ជាមួយនឹងទីផ្សារក្នុងតំបន់ និងជំរុញកំណើនសេដ្ឋកិច្ច។
ការវិនិយោគ ទឹកប្រាក់ចំនួន 160 លានដុល្លារអូស្ត្រាលី ស្មើនឹងជាង 121 លានដុល្លារអាមេរិក ក្នុងគម្រោងនេះ គឺជាសកម្មភាពជំនួយធំបំផុតមួយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។
ប្រទេសអូស្ត្រាលី និងវៀតណាម បានអបអរសាទរខួបលើកទី 45 ឆ្នាំនៃទំនាក់ទំនងការទូតនៅឆ្នាំនេះ៕