ភ្នំពេញ ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃអង្គារនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានរៀបចំពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពឯកឧត្ដមស៊ិក ប៊ុនហុក ប្រធានគ.ជ.ប និងមានការនិមន្តចូលរួមពីសម្ដេចព្រះសង្ឃរាជទាំង២គណៈ ព្រមទាំតំណាងគណបក្សនយោបាយ,តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ,តំណាងបណ្ដាស្ថានទូតនានាប្រចាំកម្ពុជា,និងអ្នកសារព័ត៌មានជាតិ អន្ដរជាតិជាច្រើនរូបទៀត។
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានថ្លែងក្នុងពិធីនេះ ថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី បាននឹងកំពុងប្រព្រឹត្ដទៅតាមការកំណត់របស់គ.ជ.ប ដោយកាលពីពេលថ្មីៗនេះ គ.ជ.បបានបញ្ចប់ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
ប្រធាន គ.ជ.ប បានថ្លែងបន្ត ថា ការកំណត់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត គឺរឿងសំខាន់មួយ សម្រាប់គណបក្សនយោបាយយកទៅឃោសនាបោះឆ្នោត ក្នុងយុទ្ធនាការឃោសនាការបោះឆ្នោតនាពេលខាងមុខ។ លោកជឿជាក់ ថា ការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោតនាពេលនេះ នឹងប្រព្រឹត្ដទៅដោយត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ដល់គណបក្សនយោបាយទាំងអស់។
សូមជម្រាប ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានទទួលស្គាល់ជាផ្លូវការ នូវការចុះបញ្ជីគណបក្សនយោបាយចំនួន២០ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕