ជនរងគ្រោះ ១៣នាក់បានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង យោងរបាយការបឋម របស់ អធិការនគរបាល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានអោយ ដឹង ថាមានករណីពុលនំប៉័ង សម្លការី បណ្តាលអោយមនុស្សជាង១០នាក់ ក្នុងនោះភាគច្រើនជាកុមារ ហើយត្រូវបានដឹកទៅសង្គ្រោះនៅ មណ្ឌលសុខភាព និងបន្តដឹកមកមន្ទីរពេទខេត្តកំពង់ឆ្នាំង បន្តទៀត ។ ហេតុការណ៍ នេះបានកើតឡើងនៅវេលាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅភូមិស្រែរបង ឃុំជៀប ស្រុកទឹកផុស។ .
នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ លោក ខែម វិបុល អធិការនគរបាល ស្រុកទឹកផុស បានប្រាប់ថាៈ ពិតជាមានករណីពុល នំប៉័ង សម្លការីពិតមែន ដោយប្រជាពលរដ្ឋ នៃគ្រួសារមួយមានប្តីឈ្មោះឌឹប ប្រពន្ឋឈ្មោះនី មានទីលំនៅភូមិឃុំខាងលើ បានរៀបធ្វើពិធី ជប់លៀង ពេលកូនចៅប្រឡងជាប់បានចេញទៅធ្វើការនៅប្រទេសកូរ៉េ ហើយក៍បានពុល និងដឹកទៅមណ្ឌលសុខភាព ក្តុល ប៉ុន្តែដោយស្ថានភាពមិនធូរស្បើយក៍ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ដោយឡែក ប្រភពពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង វិញ លោក សូរិន្ទ ទីរ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំងបានបញ្ជាក់ព្រឹកថ្ងៃទី២៩ ខែឧសភានេះថាៈ អ្នករងគ្រោះ ដោយសារពុលយកពីឃុំជៀប ស្រុកទឹកផុស មានចំនួនកើនឡើង ១៣នាក់ហើយ ក្នុងនោះមានមនុស្សចាស់ 5 នាក់និងក្មេង 8 នាក់។
ជុំវិញបញ្ហានេះ ដែរលោក ម៉ម ម៉ាឡៃអនុប្រធានមន្ទីរ សុខាភិបាល ខេត្តបានឱ្យដឹងថាក្រោយពេលកើតហេតុលោកបានចុះស្រាវជ្រាវនិងពិនិត្យដល់កន្លែងកើតហេតុ បានដាក់ការសង្ស័យថា គឺបណ្ដាលមកពីពួកគាត់ហូបអាហារផ្អូម ព្រោះនៅផ្ទះខាងលើមានរៀបចំពិធីសូត្រមន្តដោយធ្វើម្ហូបសម្លការីទុកតាំងពីល្ងាចថ្ងៃទី 26 លុះស្អែកឡើងថ្ងៃទី27 ខែឧសភា ទើបរៀបចំទទួលទានអាហារទាំងនោះ ប៉ុន្តែអាហារដែលសង្ស័យជាងគេគឺសម្លការីដែលពួកគាត់បានបន្តហូបរហូតដល់ល្ងាចថ្ងៃទី 27 លុះទាបភ្លឺថ្ងៃទី ២៨ ខែឧសភា បានចាប់ផ្ដើមមានអាការ ចុក រាកក្អួតនិងការឡើងកម្ដៅខ្លាំង។លោកបានបញ្ជាក់ថាសម្លការីឬសម្លខ្ទិះងាយនិងឆាប់បំផុតជាងម្ហូបដទៃ។
នៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងលោកគ្រូពេទ្យប្រាប់ថាមិនមាននរណាម្នាក់បានរងគ្រោះធ្ងន់ធ្ងរនោះទេហើយក៏មានខ្លះបានធូរស្បើយខ្លះដែរ៕