ភ្នំពេញ ៖ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ឃាត់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន សីលាអង្គរខ្មែរ អុិចប្រេស្ស លួចដឹកសត្វព្រៃខុសច្បាប់ឆែកឆេររកឃើញកេសដឹកសត្វព្រៃជាច្រើនប្រភេទ សរុបជិតកន្លះតោន។
ប្រតិបត្តិការបង្ក្រាបខាងលើនេះដឹកនាំដោយលោកគាំ សីហា នាយការិយាល័យរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោក ហុឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង៥:១០នាទីទាបភ្លឺ ថ្ងៃអង្គារ៍ ទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឲ្យដឹងថា រថយន្តដែលបង្ក្រាបបាន គឺជាប្រភេទរថយន្តក្រុង ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន សីលាអង្គរខ្មែរ អុិចប្រេស្ស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-9774 ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានយករថយន្តក្រុងដែលមានលួចលាក់ដឹកសត្វព្រៃមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ នៅខណ្ឌចំការមន រងចាំព្រះរាជអាជ្ញា ចុះមកត្រួតពិនិត្យ ដើម្បីប្រគល់ទៅឲ្យអង្គការសត្វព្រៃបន្ត។
បើតាមសម្តីលោកគាំ សីហា នាយការិយាល័យរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ បានឲ្យប្រាប់អោយដឹងថា ប្រតិបត្តិការគឺកម្លាំងរបស់លោក បានធ្វើការតាមដានស៉ើបអង្កេត អស់រយះពេលមួយសប្តាហ៍មកហើយ ទើបនៅព្រឹកកើតហេតុនេះ កម្លាំងរបស់លោកបានឃើញរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ដោយមានការសង្ស័យ ក៏បានឃាត់ឆែកឆេរ និងរកឃើញសត្វព្រៃជាច្រើនកេស ដែលលាក់នៅក្នុងរថយន្តក្រុងខាងលើនេះ។
លោក គាំ សីហា បន្តថា សត្វព្រៃដែលបង្ក្រាបបានមានចំនួន១៧កេស ក្នុងនោះមានសត្វចំនួន៥ប្រភេទ គឺអន្សង កន្ធាយ អណ្តើក ពស់ និងសត្វប្រវឹង សរុបទាំងអស់ស្មើនឹង ៤២១គីឡូក្រាម។
បច្ចុប្បន្នបន្ទាប់ពីធ្វើរបាយការណ៍រួច សត្វព្រៃទាំងអស់នេះត្រូវបានលោកគាំ សីហា នាយការិយាល័យរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ប្រគល់ទៅឲ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលមានទីតាំងនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ដើម្បីយកទៅព្រលែងនៅតាមតំបន់ព្រៃភ្នំ រីឯសត្វដែលងាប់ គឺក្រុមការងារយកទៅដុតកំទេចចោល៕