តំណាងរាស្ត្រ​ទាំង​២​បក្ស​គ្រោង​ចុះ​អង្កេត​ករណី​ដុត​ផ្ទះ​បណ្ដេញ​ពលរដ្ឋ​៣១​គ្រួសារ​នៅ​ក្រចេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 April, 2015 ក+ ក-

ខេត្តក្រចេះ​៖អ្នកតំណាង​ទាំងពីរ​គណ បក្ស​ព្រមព្រៀងគ្នា​ស៊ើបអង្កេត​តាមដាន​រឿង អ្នកស្រុក​ដុត​ផ្ទះ​អ្នកស្រុក​ដូចគ្នា ដើម្បី​បណ្ដេញ​ពលរដ្ឋ​ចេញពី​ដី​នៅ ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​ដោយ​ចុះ​ដល់ទី​តាំង​កើតហេតុ​។ ក្រោយ​មានការ​ដុតបំផ្លាញ​ក្រុម​ពលរដ្ឋ ៣១​គ្រួសារ អ្នកតំណាងរាស្ត្រ​ទាំងពីរ​គណបក្ស​ថ្កោលទោស​សកម្មភាព​នេះ និង​សុំ​កុំ​ឲ្យ​មានការ​ផ្ដល់​ដីធ្លី​ណាមួយ​មាន​រូបភាព​បែបនេះ​។​

​តំណាងរាស្ត្រ​ខេត្តក្រចេះ មាន​គម្រោង​ចុះ​ស្រាវជ្រាវ​ប្រជាពលរដ្ឋ​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​ដូចគ្នា​នៅ ខេត្តក្រចេះ ដោយ​ចុះ​អង្កេត​ដល់ទី​កន្លែង ក៏​នឹងមាន​ការសួរដេញដោល​រឿង​ផងដែរ​។​

ទោះ​ការដុត​ផ្ទះ និង​យក​គ្រឿងចក្រ​បំផ្លាញ​ផ្ទះ​ព្រមទាំង​ផលដំណាំ​ក្រុម​ពលរដ្ឋ ៣១​គ្រួសារ​ក្រុម​កងកម្លាំង​ចម្រុះ​ខេត្តក្រចេះ មិន​ធ្វើ​សកម្មភាព​ដោយ​ខ្លួនឯង​ក្តី ប៉ុន្តែ​តំណាងរាស្ត្រ​មណ្ឌល​ក្រចេះ មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក កែវ ភិរម្យ និយាយថា អាជ្ញាធរខេត្ត​នេះ​ជា​ទទួលខុសត្រូវ ព្រោះ​បណ្ដែតបណ្ដោយ​ឲ្យ​មានរឿង​ដូចនេះ​កើតឡើង គឺ​អ្នកស្រុក​ដុត​ផ្ទះ​អ្នកស្រុក​ដូចគ្នា​។​

​លោក កែវ ភិរម្យ យល់ថា នេះ​អំពើ​ឃោ​ឃៅ​មិនគួរ​កើតមានឡើង​ក្នុងសម័យ​កាល​នេះ​ទេ​៖ «​និយាយ​តាមផ្លូវ​ច្បាប់​គឺ​ខុសច្បាប់​ទាំងស្រុង​ដែល​អាជ្ញាធរ​គាំទ្រ​សកម្មភាព​នេះ​»​។​

​សកម្មភាព​ឈូសឆាយ​ផ្ទះ​ផលដំណាំ និង​ដុត​ផ្ទះ​ពលរដ្ឋ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៦ ខែមេសា រហូតមកដល់​ថ្ងៃទី​១២ ផ្ទះ​ចំនួន ៨​ខ្នង​ត្រូវ​ដុតបំផ្លាញ ៤​ខ្នង​ទៀត​ត្រូវ​គ្រឿង​កម្ទេចចោល និង​ផលដំណាំ​ជាច្រើន​ហិកតារ​ត្រូវ​ឈូសឆាយ​។ មន្ត្រី​សង្គម​ស៊ីវិល សោកស្តាយ​ចំពោះ​ចំណាត់ការ​របស់​ខេត្ត​ដែល​បណ្តេញ​ពលរដ្ឋ​មួយក្រុម​ចេញពី ដី​ពួកគេ​រស់នៅ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​មួយក្រុម​ទៀត​មក​ឲ្យ​រស់នៅ​លើដី​នោះ​។​

​ចំណែក​តំណាងរាស្ត្រ​នៃ​ប្រជាជន​កម្ពុជា មកពី​មណ្ឌល​ក្រចេះ ដែរនោះ គឺ​អ្នកស្រី ស៊ុន សា​ភឿន យល់ថា ការដុត​ផ្ទះ​ពលរដ្ឋ​ឲ្យ​ចេញពី​ដី​មិនមែនជា​ដំណោះស្រាយ​ល្អ​ទេ​។​

​អ្នកស្រី​តំណាងរាស្ត្រ​មកពី​គណបក្សកាន់អំណាច​រូបនេះ អះអាងថា នឹង​តាមដាន​ដំណើរ​រឿងនេះ​តាមរយៈ​ការងារ​អ្នកស្រី​ជា​អ្នកតំណាង​របស់ រាស្ត្រ​៖ «​ខ្ញុំ​នឹង​តាមដាន​ឲ្យ​បានច្បាស់លាស់ ព្រោះ​ខ្ញុំ​មិនទាន់​ចុះ​ដល់ទី​កន្លែង​ខ្ញុំ​មិនទាន់​និយាយ​ទេ​»​។​

​ប្រតិបត្តិការ​ក្តៅ​បណ្តេញ​ក្រុម​ពលរដ្ឋ ៣១​គ្រួសារ​ចេញពីផ្ទះ និង​ដី​ភូមិ ដើម្បី​ផ្ដល់​ឲ្យ​ក្រុម​ពលរដ្ឋ ៧២​គ្រួសារ ក្រុម​អាជ្ញាធរ​មិន​ធ្វើ​សកម្មភាព​ដោយ​ខ្លួនឯង​ទេ គេ​បានផ្ដល់​លទ្ធភាព​ឲ្យ​ក្រុម​ពលរដ្ឋ ៧២​គ្រួសារ​ធ្វើ​គ្រប់​រូបភាព ប៉ុន្តែ​នៅពេល​ក្រុម​ពលរដ្ឋ ៣១​ចេញមក​ប្រឆាំង​តវ៉ា គឺ​ត្រូវ​សមត្ថកិច្ច​វាយ​បង្ក្រាប និង​ចាប់ខ្លួន​។​

អភិបាលរង​ខេត្តក្រចេះ ទទួលបន្ទុក​ដោះស្រាយ​ជំលោះ​ដីធ្លី​ក្នុងស្រុក​ឆ្លូង លោក ខ័​ណ្ឌ ចំណាន បដិសេធ​មិន​ទទួលស្គាល់ថា ការដុត​ផ្ទះ​រុញ​ឈូសឆាយ​ថា ជា​គឺ​ទង្វើ​របស់​សមត្ថកិច្ច​ឡើយ​ដោយ​ទម្លាក់​ការទទួលខុសត្រូវ​ឲ្យ​ក្រុម ពលរដ្ឋ ៧២​គ្រួសារ​។ លោក​អភិបាលរង​ខេត្ត​នៅតែ​អះអាង​ដដែលៗ​ថា អ្វីដែល​កងកម្លាំង​ធ្វើ​ដើម្បី​ការពារ​មិន​ឲ្យ​ពលរដ្ឋ​ទាំងពីរ​ក្រុម ប៉ះទង្គិច​គ្នា​៖ «​យើង​គ្រាន់តែ​ធានា​ដើម្បី​ឲ្យ​ក្រុម ៧២ ចូល​រស់នៅ​លើដី​របស់​គាត់​ទេ អ្វី​ក្រៅពីនេះ ពលរដ្ឋ ៧២ គាត់​ធ្វើ​ខ្លួនឯង​ទេ​»​។​

​ទន្ទឹមនឹង​អ្នកតំណាងរាស្ត្រ​ទាំងពីរ​គណបក្ស​ថា ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​ពួកគេ​នឹង​ចុះ​អង្កេត​ដល់ទី​កន្លែងកើតហេតុ នោះ អាជ្ញាធរ​ខេត្តក្រចេះ ថា នឹង​ផ្តល់​ដី​ឲ្យ​ក្រុម​ពលរដ្ឋ ៣១​គ្រួសារ នៅក្បែរៗ​ដី​ដែល​ក្រុម​អាជ្ញាធរ​បណ្ដេញចេញ​នោះ ប៉ុន្តែ​ទាមទារ​ឲ្យ​ពលរដ្ឋ​ត្រូវដាក់​ពាក្យស្នើសុំ​ដី​សង្គមកិច្ច​ពី រដ្ឋ​ជាមុនសិន​៕RFA152image

14aសមត្ថកិច្ច​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​អូរ​សំពុង ភូមិ​ប្រឡាយ​ទ្រៀល ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៥​។
RFA​ ​