កូរ៉េ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស កូរ៉េខាងជើង បានទៅដល់ទីក្រុង ប៉េកាំង ក្នុងដំណើទស្សនកិច្ចដែលសារព័ត៌មាន Yonhap កូរ៉េខាងត្បូង ចុះផ្សាយថា នឹងបន្តដំណើរទៅទីក្រុង វ៉ាស៊ីនតោន នៅថ្ងៃ ពុធ នេះ ទំនងជាផ្ដោតទៅលើការរៀបចំជំនួបរវាងលោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន នៅថ្ងៃទី 12 មិថុនា ក្នុងប្រទេស សិង្ហបុរី ។ លោក គីម យ៉ុង-ឆុល គឺជាមន្ត្រីជាន់ខ្ពស់តំណាងឲ្យទីក្រុង ព្យុងយ៉ាង ក្នុងកាតចរចាអន្តរជាតិ ហើយប្រសិនបើលោក គីម ទៅដល់ទីក្រុង វ៉ាស៊ីន, នេះគឺជាលើកដំបូងក្នុងរយៈពេលជិត 20 ឆ្នាំ ដែលមន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង ធ្វើដំណើរទៅ សហរដ្ឋអាមេរិក ។
សារព័ត៌មាន Yonhap បញ្ជាក់ថា លោក គីម បានកក់សំបុត្រយន្តហោះពីទីក្រុង ប៉េកាំង ទៅ ទីក្រុង ញូយ៉ក ។
លោក គីម យ៉ុង-ឆុល អនុប្រធានគណៈកម្មការមជ្ឈិមគណៈបក្សពលករ តំណាង កូរ៉េខាងជើង ក្នុងកិច្ចចរចានុយក្លេអ៊ែរកន្លងមក តែងមានវត្តមានក្នុងកិច្ចប្រជុំរវាងលោក គីម ជុងអ៊ុន ជាមួយមេដឹកនាំ កូរ៉េខាងត្បូង និងជាមួយមេដឹកនាំ ចិន ព្រមទាំងអំឡុងទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក កាលពីដើមខែ ឧសភា ចំណែកវត្តមានរបស់លោក គីម នៅ សហរដ្ឋអាមេរិក នឹងបង្ហាញថា កូរ៉េខាងជើង ពិតជាចង់ឲ្យមានជំនួបជាមួយ សហរដ្ឋអាមេរិក ។
ចំណែកប្រធានគណរដ្ឋមន្ត្រី កូរ៉េខាងជើង លោក គីម ចាង-សុន បានធ្វើដំណើរទៅ សិង្ហបុរី តាមរយៈទីក្រុង ប៉េកាំង កាលពីយប់ថ្ងៃ ច័ន្ទ ដើម្បីជួបជាមួយប្រតិភូ សហរដ្ឋអាមេរិក ដឹកនាំដោយអនុប្រធានសេតវិមាន ចូ ហាជីន ។
ក្នុងឆ្នាំ 2010 លោក គីម យ៉ុង-ឆុល ត្រូវបាន សហរដ្ឋអាមេរិក ដាក់បញ្ចូលក្នុងបញ្ជីខ្មៅ ថាជាអ្នកគាំទ្រកម្មវិធីអាវុធនុយក្លេអ៊ែរ និង មីស៊ីល កូរ៉េខាងជើង ហើយហាមមិនឲ្យចូលទឹកដី អាមេរិក ចំណែក កូរ៉េខាងត្បូង បានធ្វើដូចគ្នា ក្នុងឆ្នាំ 2016 ។ ប្រសិនបើលោក គីម យ៉ុង-ឆុល ទៅដល់ សហរដ្ឋអាមេរិក មានន័យថា ទណ្ឌកម្មត្រូវបានលើកលែង ៕