ភ្នំពេញ ៖ ទីប្រឹក្សាផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់តំណែងទាំងទីប្រឹក្សា ទាំងមុខតំណែងក្នុងកងយោធពលខេមរភូមិន្ទផងដែរ។
ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បញ្ចប់តំណែងលោកឧត្តមសេនីយ៍ឯក ហូ ចំរើន ពីទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលុបឈ្មោះចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ដែលធ្លាក់ដល់ដៃអ្នកកាសែតនៅថ្ងៃទី៣០ ខែឧសភា នេះ។
គួររំឭកថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ផ្កាយ៣ និងមានងារជាឧកញ៉ា ហូ ចំរើន បានបាញ់គំរាមឪពុកក្មេកនៅក្នុងផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ។ ក្រោយកើតហេតុភ្លាមៗ ឧកញ៉ា ហូ ចំរើន ពុំត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗទេ រហូតមកដល់ល្ងាចថ្ងៃទី១៥ ខែឧសភា ទើបមានការឃាត់ខ្លួនឧកញ៉ា ហូ ចំរើន ។ ហើយនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ផ្កាយ ហូ ចំរើន ត្រូវបាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បញ្ជូនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ លុះមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្កាប់បញ្ចប់មុខតំណែង លោក ហូចំរើន តែម្តង ដើម្បីបើកផ្លូវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់បន្តអនុវត្តន៍ច្បាប់៕