ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ចំអកដល់គណបក្សនយោបាយមួយដែលបានសន្យាថា នៅពេលខ្លួនឈ្នះឆ្នោត កាន់អំណាចនៅអាណត្តិទី៦ខាងមុខ នឹងជួយសងបំណុលដែលប្រជាពលរដ្ឋ បានជំពាក់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់។ ការសន្យាបែបនេះ គឺ ជាការភូតភរកុហក នៅគ្រាដែលគណបក្សមួយនោះមិនមានថវិកា រហូតសរសេរសំបុត្រ មកសម្តេចដើម្បីខ្ចីថវិកាជាង១លានដុល្លារដើម្បីប្រើប្រាស់សម្រាប់ការបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធនេះបាន ចំអកដល់គណបក្សនយោបាយមួយដែលមិនទាន់ទាំងមានលទ្ធភាពខ្លួនឯងផង បែរជាហ៊ានសន្យាថា នៅពេលខ្លួនឈ្នះឆ្នោតគ្រប់គ្រងរាជរដ្ឋាភិបាលអាណត្តិទី៦ ខាងមុខ នឹងជួយសងបំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលប្រជា ពលរដ្ឋបានជំពាក់។
ទោះថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះគណបក្ស យ៉ាងណាក៍ដោយ ប៉ុន្តែគណបក្សដែលបានសន្យាជួយសងបំណុលធនាគារ នោះត្រូវគេដឹងថាជាគណបក្សហ្វ៊ុនស៊ិនប៉ិច។
ព្រះប្រធានគណបក្សគណបក្សហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលបានចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកា និងសកម្មជនរបស់ខ្លួន កាលពីថ្មីៗកន្លងទៅ នឹងបានសន្យាថាទ្រង់នឹងធ្វើការសង់បំណុលធនាគារនៅពេលគណបក្សទ្រង់ឈ្នះ ឆ្នោត។
សម្តេចតេជោ រំលឹកដល់គណបក្សនយោបាយខ្លះកុំឲ្យភ្ជាប់របបរាជានិយមទៅឃោសនាដើម្បីសន្លឹកឆ្នោតឲ្យសោះ ព្រោះនាំឲ្យប៉ះពាល់ដល់ព្រះកិត្តិ នាមព្រះមហាក្សត្រ។
របបរាជានិយមមិនមែនជាកម្មសិទិ្ធផ្តាច់មុខរបស់ជនណាមួយនោះ ទេ របបរាជានិយមគឺជារបស់រួមរបស់បក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់គ្នាដែល ត្រូវការពារទើបរបបរាជានិយមអាចប្រព្រឹត្តទៅបាន។ សម្តេចតេជោអះអាងថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលអាចការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ៕