បញ្ជូន​ស្ត្រីជន​ជាតិចិន​ប្រើ​អំពើហិង្សា​លើ​ឈ្នួល​បម្រើ​ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2018 ក+ ក-

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ១​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បញ្ជូន​ស្ត្រីជន​ជាតិចិន​ដែល​ប្រើ​អំពើហិង្សា​លើ​ឈ្នួល​បម្រើ​នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ។​
​សមត្ថកិច្ច កាលពី​ថ្ងៃអាទិត្យ ១៣​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨ បាន​អន្តរាគមន៍ ជួយសង្គ្រោះ​ក្មេងស្រី​រងគ្រោះ ពី​សំណាក់​ស្ត្រី​ម្ចាស់ផ្ទះ ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​គ្នា​នោះ ។ ស្ត្រី​ម្ចាស់ផ្ទះ មានឈ្មោះ ម៉េង រ័ត្ន​ពិសី ហៅ​សុភា ជា​អ្នកលក់​សម្លៀកបំពាក់ នៅ​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ជា ស្រីនូ មាន​ស្រុកកំណើត​នៅ​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ក្មេងស្រី​រងគ្រោះ ត្រូវបាន​គេ​ប្រើ​អំពើហិង្សា​មកលើ​រូបនាង អស់​រយៈពេល​៤​ឆ្នាំ​មកហើយ​។​

​កាលពីពេល​ថ្មីៗ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យ​ម្ចាស់ផ្ទះ ដែលមាន​លទ្ធភាព​ជួល​អ្នកបម្រើ​ជួយ​មើលថែរក្សា​ផ្ទះ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហាលំបាក​របស់​ពួកគេ ចៀសវាង​គិតតែ​ពី​អារម្មណ៍​ខ្លួនឯង ដែលជា​ម្ចាស់ផ្ទះ​។​សម្ដេច តេ​ជោ​ហ៊ុន សែន ចាត់ទុក​ការងារ​បម្រើ​តាម​ផ្ទះ គឺជា​ការងារ​លំបាក ដែល​តម្រូវ​ម្ចាស់ផ្ទះ ផ្ដល់​ការគោរព​ឱ្យ​តម្លៃ និង​មាន​ចិត្តធម៌​ចំពោះ​ពួកគេ​ផងដែរ​៕