ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ​ម្នាក់ ត្រូវ​ឃុំខ្លួន​ដោយសារ​បាញ់បោះ​សេរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2018 ក+ ក-

​ភ្នំពេញ ៖ តុលាការក្រុង​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ បានសម្រេច​ឃុំខ្លួន​មន្ត្រីនគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ម្នាក់​ដែល​បាញ់បោះ​សេរី ក្រោម​ការចោទប្រកាន់​ពីបទ​គំរាម និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។

​ជនសង្ស័យ​ឈ្មោះ ផន សុផល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ស្នាក់​នៅផ្ទះ​លេខ ១៤៤ AE1 ផ្លូវ​៥៩៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ អន សារី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​សន្តិសុខ​ផ្សារ​ផ្លា​ហ្សា​។
​តាម​ពាក្យបណ្តឹង​នោះ ជនរងគ្រោះ​បាន​រៀបរាប់ថា នៅ​ល្ងាច​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ជនសង្ស័យ​ឈ្មោះ ផន សុផល បាន​ជិះ​ម៉ូតូ ម៉ាក ZOOMER X ពណ៌​លឿង ក្នុងស្ថានភាព​ស្រវឹង​។​

​ជនរងគ្រោះ​បន្តថា បន្ទាប់មក​ជនសង្ស័យ​បាន​ដក​កាំភ្លើង​ម៉ាក K54 បាញ់​ឡើងលើ​២​គ្រាប់ (​ផ្ទុះ​មួយ​គ្រាប់​) នៅ​ចំណុច​មុខ​តូប​លេខ ៧១៩០ ក្នុង​ផ្សារ​ផ្លា​ហ្សា ផ្លូវ​លេខ​៤៥ ភូមិ​ទី​១៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ក្នុង​គោលបំណង​គំរាម​មិត្តភក្តិ​ផឹកស៊ី​ជាមួយ ដោយ​ពោល​ពាក្យ​ថា​ពួក​ប៉ូលីស​ផឹកស៊ី​មិនដែល​ចេញ​លុយ​ទេ ។ ប៉ុន្តែ​ក្រោយមក​ឈ្មោះ អន សារី​បាន​ដក​ពាក្យបណ្តឹង​វិញ​៕​