ស្ត្រី​ចិន​ធ្វើ​ទារុណកម្ម​លើ​អ្នកបម្រើ​ប្រឈម​ជាប់គុក​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ស្រី ម៉ា​កនី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ស្ត្រីជន​ជាតិចិន​ដែល​ធ្វើ​ទារុណកម្ម​លើ​ឈ្នួល​បម្រើ​អស់​រយៈពេល​៤​ឆ្នាំ ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​ទៅនឹង​ជនរងគ្រោះ តាម​មាត្រា​២១៩​នៃ​ក្រមព្រហ្មទណ្ឌ ។

​បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល​។​​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​និង​សំណុំរឿង ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី ។ នៅ​ថ្ងៃទី​៣១ ខែឧសភា នេះ ចៅក្រម​ស៊ើបសួរ​នឹង​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​។​

​គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨ បាន​អន្តរាគមន៍ ជួយសង្គ្រោះ​ក្មេងស្រី​រងគ្រោះ ពី​សំណាក់​ស្ត្រី​ម្ចាស់ផ្ទះ ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​គ្នា​នោះ ។ ស្ត្រី​ម្ចាស់ផ្ទះ មានឈ្មោះ ម៉េង រ័ត្ន​ពិសី ហៅ​សុភា ជា​អ្នកលក់​សម្លៀកបំពាក់ នៅ​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ជា ស្រីនូ មាន​ស្រុកកំណើត​នៅ​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ក្មេងស្រី​រងគ្រោះ ត្រូវបាន​គេ​ប្រើ​អំពើហិង្សា​មកលើ​រូបនាង អស់​រយៈពេល​៤​ឆ្នាំ​មកហើយ​។​

​កាលពីពេល​ថ្មីៗ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យ​ម្ចាស់ផ្ទះ ដែលមាន​លទ្ធភាព​ជួល​អ្នកបម្រើ​ជួយ​មើលថែរក្សា​ផ្ទះ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហាលំបាក​របស់​ពួកគេ ចៀសវាង​គិតតែ​ពី​អារម្មណ៍​ខ្លួនឯង ដែលជា​ម្ចាស់ផ្ទះ​។​សម្ដេច តេ​ជោ​ហ៊ុន សែន ចាត់ទុក​ការងារ​បម្រើ​តាម​ផ្ទះ គឺជា​ការងារ​លំបាក ដែល​តម្រូវ​ម្ចាស់ផ្ទះ ផ្ដល់​ការគោរព​ឱ្យ​តម្លៃ និង​មាន​ចិត្តធម៌​ចំពោះ​ពួកគេ​ផងដែរ​៕​