កម្ពុជា​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦៩ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2018 ក+ ក-

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦៩​ទិវា​កុមារ​អន្តរជាតិ និង​ទិវា​កុមារ​កម្ពុជា ១​មិថុនា ក្រោម​ប្រធានបទ “​រួមគ្នា​ការពារ​កុមារ ដើម្បី​អភិវឌ្ឍ​គ្រួសារ និង​សង្គមជាតិ​” និង​ខួប​លើក​ទី​១៧ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា ក្រោម​ប្រធានបទ “​ទប់ស្កាត់​គ្រោះថ្នាក់ ការងារ និង​ភាព​ងាយ​រងគ្រោះ​ផ្នែក​សុខភាព​សម្រាប់​កម្មក​រ និយោជិត​វ័យក្មេង ដើម្បី​លុប បំបាត់​ពលកម្ម​កុមារ​” នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោកជំទាវ​កិត្តិ សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់ថា យើង​ពិតជា​មិនអាច​បំភ្លេច​បានទេ​នូវ​មហា​វិនាស កម្ម​ដ៏​ធ្ងន់ធ្ងរ​ដែល​បង្កឡើង​ដោយ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន​កាប់សម្លាប់​ប្រជាជន និង​កុមារ​កម្ពុជា​រាប់លាន​នាក់ និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ខ្ទេចខ្ទី​ស្ទើរ គ្មាន​សល់ ដែល​កាលនោះ​កុមារ​កម្ពុជា​ជាច្រើន​បាន​ស្លាប់​ដោយសារ​កង្វះ​អាហារ និង​គ្មាន​ថ្នាំ ព្យាបាល​។

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា កុមារ​ដែល​នៅសល់​ពី​ស្លាប់ បានរស់នៅ​ដោយ​ក្តី​លំបាក​វេទនា ព្រាត់ប្រាស់​ឪពុកម្តាយ រង​ទារុណកម្ម អំពើហិង្សា និង​ត្រូវគេ​បង្ខំ​ឱ្យធ្វើ ការ​ដូចជា​ទាសករ​។ ហេតុនេះហើយ ទើប​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន បានចេញ​អនុក្រឹត្យ ចុះ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្តីពី​ទិវា ជាតិ​នៃ​ការចងចាំ ដោយបាន​កំណត់​យក​ថ្ងៃទី​២០ ខែឧសភា ត្រូវបាន​កំណត់​ជា​ថ្ងៃ​ឈប់សំរាក​ជា​សាធារណៈ ដែលជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ការ​រំលឹក ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៩ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ ១៩៧៩​។

​លោកជំទាវ​ថា រាជ រដ្ឋាភិបាល​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ពិធីសារ​បន្ថែម និង​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា ដើម្បី​ការពារ​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ ស្របទៅនឹង​រដ្ឋធម្មនុញ្ញ ច្បាប់ និង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ដែល​តែងតែ​លើកកម្ពស់ និង​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​ទាំង​៤​របស់​កុមារ គឺ​៖ សិទ្ធិ​រស់រានមានជីវិត​,​សិទ្ធិ​អភិវឌ្ឍ​,​សិទ្ធិ​ទទួលបាន​នូវ​ការការពារ និង​សិទ្ធិ​ចូលរួម​។​

ក្នុងឱកាស​នេះ​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ សម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​បានបង្ហាញ​នូវ​មោទនភាព​ខ្ពស់ ដោយ​កុមារ​កម្ពុជា​ទទួលបាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​សិទ្ធ​កុមារ​។

លោក​រដ្ឋមន្ត្រី​ថា ជា​រៀងរាល់ឆ្នាំ​បណ្តា​ប្រទេស​ជាច្រើន​លើ​សកលលោក ក៏ដូចជា​ប្រទេស​កម្ពុជា រួមគ្នា​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ដើម្បី​ជំរុញ​ដល់​ការអនុវត្ត​សិទ្ធិ​កុមារ ទប់ស្កាត់​អំពើហិង្សា លើ​កុមារ និង​ដើម្បី​រំលឹក​នូវ​អំពើ​ឃោរឃៅ​របស់​ពួក​ហ្វា​ស៊ី​ស​អ៊ី​ត្លែរ ដែល​បាន​កាប់សម្លាប់​ស្ដ្រី​និង​កុមារ នៅ​ភូមិ​លី​ឌី​សែ​ប្រទេស​ឆេ​ក និង​ភូមិ​អូ​រ៉ា​ឌូ ប្រទេស​បារាំង ក្នុងអំឡុង​ឆ្នាំ​១៩៤២-១៩៤៤ នៃ​សង្គ្រាមលោកលើកទី​២ ហើយ​ដោយឡែក​កុមារ​កម្ពុជា​ក៏ត្រូវ​បានសម្លាប់​នៅក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​របប​មួយ​នេះ​បាន​កាប់សម្លាប់​ប្រជាជន និង​កុមារ​កម្ពុជា រាប់លាន​នាក់​៕