ម៉ាឡេស៊ី ៖ ការស្វែងរកយន្តហោះ ម៉ាឡេស៊ី ដែលបាត់ក្នុងឆ្នាំ 2014 បានបញ្ចប់កាលពីថ្ងៃអង្គារ ដោយមិនបានយរកឃើញយន្តហោះដែលបាត់នោះឡើយ ក្រោយស្វែងរកក្រោមទឹកទំហំ 11 ម៉ឺន 2 ពាន់គីឡូម៉ែត្រការ៉េ រយៈពេល 3 ខែ ។
រដ្ឋមន្ត្រីគមនាគម ម៉ាឡេស៊ី បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា ក្រុមហ៊ុន Ocean Infinity បានបញ្ចប់ប្រតិបត្តិការស្វែងរកយន្តហោះ Boeing-777 នៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដោយប្រើប្រាស់ឧបករណ៍ទំនើបបំផុត ដោយមិនបានប្រទះឃើញសញ្ញាណាមួយនៃយន្តហោះដែលបាត់ក្នុងឆ្នាំ 2014 ប៉ុន្តែរដ្ឋាភិបាល ពិចារណទៅលើដំណើរការស្វែងរកបន្ត ប្រសិនបើមានតម្រុយជាក់លាក់ណាមួយ ត្រូវបានបង្ហាញ ។
សូមរំឭកថា យន្តហោះ Boeing 777 នៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានអ្នកដំណើរ 227 នាក់ និងបុគ្គលិកយន្តហោះ 12 នាក់ បាត់ទំនាក់ទំនងពីមជ្ឈមណ្ឌលគ្រប់គ្រងការហោះហើរ នៅលើផ្លូវហោះហើរចេញដំណើរពីទីក្រុង កូឡាឡាំពួរ ទៅទីក្រុង ប៉េកាំង នៅថ្ងៃទី 8 មិនា ឆ្នាំ 2014 ។ ការបាត់យន្តហោះ MH370 ក្លាយជាឧបទ្ទវហេតុអាថ៌កំបាំងបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ពិភពលោក ហើយប្រតិបត្តិការស្វែងរកយន្តហោះ ចំណាយច្រើនបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិនៃការស្វែងរកយន្តហោះកន្លងមក ។
ក្រុមហ៊ុន Ocean Infinity មានមូលដ្ឋាននៅរដ្ឋ Houston សហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល ម៉ាឡេស៊ី កាលពីខែ មករា ឆ្នាំ 2018 ដើម្បីស្វែងរកយន្តហោះ MH370 ដែលបាត់ ដោយកិច្ចព្រមព្រៀងនៃការស្វែងរកមានរយៈពេល 3 ខែ ប្រសិនបើរកឃើញក្នុងរយៈពេលនេះ នឹងទទួលបានប្រាក់រហូតដល់ 70 លានដុល្លារ ហើយប្រតិបត្តិការស្វែងរកនឹងបញ្ចប់នៅខែ មិថុនា ៕