ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែឧសភា នេះ ស៊ីម៉ាក់ និងអង្គការអិនភីអេ របស់ន័រវេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដៃគូ ក្នុងទំហំទឹកប្រាក់ប្រ មាណ១លាន៦សែនដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិក ដើម្បី អនុវត្តគម្រោងស្រាវជ្រាវព័ត៌មាន និង បោសសំអាតគ្រាប់បែកចង្កោមដែលអាមេរិកទម្លាក់ក្នុងសម័យសង្គ្រាមនៅភាគខាងកើតកម្ពុជា។
រដ្ឋាភិបាលអាមេរិកបានផ្តល់ថវិកា១លាន៦សែនដុល្លារអាមេរិកតាមអង្គការ ជំនួយប្រជាជនន័រវេសហៅកាត់ថា អិនភីអេដល់ស៊ីម៉ាក់ដើម្បីធ្វើការស្រាវជ្រាវ ព័ត៌មាន និងបោសសំអាតគ្រាប់បែកចង្កោមនៅភាគខាងកើតកម្ពុជា។ ពិធីចុះហត្ថេលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃស្ថាប័នទាំងពីរត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៣១ខែឧសភានេះនៅទីបញ្ជាការស៊ីម៉ាក់រាជធានីភ្នំពេញ។ឯ.ឧ ហេង រតនាបញ្ជាក់ថា គម្រោងនេះនឹងត្រូវប្រើរយៈពេល២ឆ្នាំ គឺចាប់ពីខែមិនា ២០១៨-កុម្ភះ២០២០ គិតជាទឹកប្រាក់ចំនួន៤លានដុល្លារអាមេរិក ពោលគឺមួយឆ្នាំ២លានដុល្លារ តែសម្រាប់ស៊ីម៉ាក់ទទួលបាន១លាន៦សែនដុល្លារ និងអិនភីអេ៤០ម៉ឺនដុល្លារ។
រយៈពេលបីខែកន្លងមកនេះស៊ីម៉ាក់បានធ្វើការពង្រាយកម្លាំង របស់ខ្លួនជិត២០០នាក់ ដើម្បីទៅប្រតិបត្តិការគម្រោងនៅភាគខាងកើតដូចជានៅខេត្តកំពង់ចាម ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និងខេត្តស្ទឹងត្រែង។
ទោះបីគ្រាប់បែកចង្កោមដែលអាមេរិកបានទម្លាក់ជាង៥០ឆ្នាំទៅហើយក្តីប៉ុន្តែវានៅតែមានឥទ្ធិពលខ្លាំង ដែលនឹងអាចឆក់យកអាយុជីវិតប្រជាពលរដ្ឋបើសិន ពួកគាត់ទៅប៉ះ ដុំក្នុងកំរិតណាមួយនោះ។
គួររំលឹកដែរថាកាលពីជាង៥០មុន អាមេរិកបានទម្លាក់គ្រាប់បែកចង្កោមប្រមាណ២៨លានកូនគ្រាប់មកលើព្រះរាជាណាចក្រកម្ពុជា នៅលើផ្ទៃដី៦៥០គមដែលរងផលប៉ះពាល់។ ស៊ីម៉ាក់ត្រូវការពេលយ៉ាងហោចណាស់ពី៣០ទៅ៤០ឆ្នាំដើម្បីរុក រក និងកម្ទេចគ្រាប់បែកចង្កោមទាំងនោះ។
អាមេរិកកន្លងទៅបានផ្តល់ជំនួយដើម្បីធ្វើការបោសសំអាតមីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះនៅភាគខាងលិច គឺនៅតំបន់ប៉ៃលិន គិតត្រឹមឆ្នាំ២០១៨នេះជាឆ្នាំទី១០ហើយដែលអាមេរិកបានផ្តល់ជំនួយលើប្រតិបត្តិការដោះមីននៅកម្ពុជា៕