ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីរសៀល ថ្ងៃទី៣១ ខែឧសភា នេះ បាន បើក កិច្ចប្រជុំលើកទី៣៥ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្រោមវត្ត មាន លោក តុប សំ ប្រធានក្រុមប្រឹក្សា និងមានការចូលរួមពីសមាជិក សមជិការក្រុម ប្រឹក្សាទាំង មូល។
ក្នុងកិច្ចប្រជុំនេះ បានពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុក រលួយលើកទី៣៤អាណត្តិទី២។ជាមួយគ្នានោះ លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំង អំពើពុករលួយ តំណាង លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយ បានរាយការណ៍អំពីសកម្មភាពការងាររបស់អង្គភាព ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៨ ដោយ បានទទួលការប្រកាសទ្រព្យសម្បត្តិនិងបំណុលសរុបចំនួន១១៧១នាក់។ ដែលក្នុងនោះទទួលបាន ការតែងតាំងថ្មីចំនួន៨៦៤នាក់ លាលែង ចប់អាណត្តិចំនួន៣២នាក់ ចូលនិវត្តន៍ចំនួន២នាក់ និង បញ្ឈប់ពីមុខតំណែងចំនួន២១២នាក់។
ក្រៅពីនេះ ACU បានផ្ញើលិខិតទៅសាមីក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ដើម្បីបញ្ជាក់ពី មូលហេតុនៃការយឺតយ៉ាវក្នុងការប្រកាសទ្រព្យសម្បត្តិនិងបំណុល។ បានទទួលពាក្យប្តឹងចំនួន៣៤ ពាក្យ (អនាមិក១៤ពាក្យ ស្មើនឹង៤១ភាគរយ) ។
អង្គភាពបានឲ្យសាមីខ្លួនរងការចោទប្រកាន់ធ្វើការបំភ្លឺចំនួន១១លិខិត ទទួលបានការបំភ្លឺ ចំនួន ១៦លិខិត ហើយបានឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន៣៣ម្ចាស់បណ្តឹង ក្រោយពិចារណាថា ពាក្យប្តឹងរបស់គាត់មិនពាក់ព័ន្ធដល់សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយទេ។
អង្គភាព បានបើកបន្ទប់ស្តាប់ចម្លើយចំនួន១៩ លើក ចុះផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើ ពុករលួយ ដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នគរបាលឃុំ មេភូមិ អនុប្រធានភូមិ និងប្រជាពលរដ្ឋ នៅ ក្នុងខេត្តកំពង់ចាម ចំនួន៣៥គោលដៅ។ បានចូលរួមសង្កេតការណ៍ដេញថ្លៃ ៥៧គម្រោង ការ ពិគ្រោះថ្លៃចំនួន៩គម្រោង និងការវាយតម្លៃគម្រោងចំនួន៥គម្រោង។ ក្រុមប្រឹក្សាវិន័យ និងត្រួត ពិនិត្យផ្ទៃក្នុងរបស់ACUបានបង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវចំពោះពាក្យប្តឹងចោទមន្ត្រីរបស់អង្គភាពប្រឆាំងអំពើពុករលួយ(លទ្ធផលនៃការរស្រាវជ្រាវគឺពុំដូចការចោទប្រកាន់ទេ)។
ជាមួយគ្នានោះ លោក តុប សំ បានថ្លែងថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានកោត សរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្វើឲ្យមានការគាំទ្រ និង សាទរ ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិព្រមទាំងជំរុញនិងលើកទឹកចិត្តឲ្យអង្គភាព នេះ បន្ត ខិតខំរកវិធី សាស្ត្រ និងយុទ្ធវិធីដើម្បីដោះ ស្រាយបញ្ហាប្រឈមនានាឲ្យកាន់តែប្រសើរឡើង៕