ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ ទី៣១ ខែឧសភា នេះ បានទទួលជូបសំណេះសំណាលនិងពិភាក្សាការងារជាមួយលោក យ៉ាន ឈីវហួយ អនុប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មទីក្រុង ផ្លូវសូត្រសមុទ្រ នៃប្រទេសចិន ដើម្បីស្វែង យល់ពី លទ្ធ ភាព នៃការអនុវត្តកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យហេដ្ឋារចនាសម្ពន្ធ័ វិស័យ កាត់ដេរ ការ សាងសង់សណ្ឋាគារ ការនាំចេញ.នាំចូលផ្នែកវិស័យកសិកម្ម ជាដើម ។
នាឱកាសនោះ លោក ឃួង ស្រេង បានជំរាបជូនប្រតិភូ ពីស្ថានភាពជាក់ស្តែងក៏ដូចជាការវិវឌ្ឍ រីកចំរើនរបស់កម្ពុជាលើគ្រប់វិស័យក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៏ប៉ុលពត មកដោយបាដៃទទេ។
លោក បញ្ជាក់ថា មកដល់ពេលនេះកម្ពុជាទទួលបានសុខសន្តិភាពដ៏ពេញលេញ ពេញផ្ទៃ ប្រទេសដែលជាមូលដ្ឋានគ្រឹះសំរាប់ការអភិវឌ្ឍក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ស្ថាបនិកសន្តិភាពគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ដោយឡែកសំរាប់រាជធានី ភ្នំពេញ ក៏បាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកទេសចរណ៏ និងអ្នក វិនិយោគមកពីគ្រប់តំបន់ ក្នុងនោះវិនិយោគិនចិន បានឈរនៅលំដាប់ទី១ ក្នុងការដាក់ទុនវិនិយោគ នៅកម្ពុជា ក៏ដូចនៅរាជធានីភ្នំពេញ ។
លោក អភិបាលបានបញ្ជាក់ទៀតថា រាជធានីភ្នំពេញកម្ពុជា បានស្វាគមន៏ជានិច្ចចំពោះ អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសរួមទាំងការជួយសម្របសម្រួល និងបង្កលក្ខណៈងាយ ស្រួល ដល់អ្នកវិនិយោគផងដែរ។
សូមបញ្ជាក់ថាគំរោងផ្លូវសូត្រមាសដែលដាក់ចេញដោយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង គឺជាការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ដឹកជញ្ជូនទាំងផ្លូវគោក,ផ្លូវទឹក ជាខ្សែបណ្តាញនៃការដោះដូរ ពាណិជ្ជកម្ម ចាប់ពីប្រទេសចិន តភ្ជាប់ទៅបណ្តាប្រទេសនានានៅអាស៊ីអ៊ឺរ៉ុប និងអាហ្វ្រិកជាដើម៕