ភ្នំពេញ ៖ លោក ថោង សារ៉ាត់ ជន សង្ស័យជាមេខ្លោងនៅពីក្រោយការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ នៅរសៀលថ្ងៃទី១៧ មេសានេះ ត្រូវបានសភាស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសាកសួរ បន្ទាប់ពីសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនកាលពីម្សិលមិញ ខណះលោក ថោង សារ៉ាត់ ឆ្លងដែនពីប្រទេសវៀតចូលមកកម្ពុជាតាមច្រកអន្តរជាតិបាវិត។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ មេសា ថា លោក ថោង សារ៉ាត់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពេលលោកធ្វើដំណើរឆ្លងចូលទឹកដីខ្មែរក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ លោក ខៀវ សុភ័គ បញ្ជាក់ថា លោក ថោង សារ៉ាត់ ត្រូវបានបញ្ជូនខ្លួនទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីបញ្ជូនទៅកាន់តុលាការ។
លោក ថោង សារ៉ាត់ ជាជនសង្ស័យនៅពីក្រោយករណីបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីឆ្នាំមុននៅកណ្ដាលរាជធានីភ្នំពេញ។ ករណីឃាតកម្មដ៏កក្រើកក្នុងរាជធានីភ្នំពេញនេះ ត្រូវបានតុលាការចោទប្រកាន់អង្គរក្សទាំង៤នាក់ របស់លោក ថោង សារ៉ាត់ ជាអ្នកសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ។
លោក ថោង សារ៉ាត់ បានរត់គេចខ្លួនអស់រយៈពេលជិត៦ខែមកហើយ បន្ទាប់ពីសមត្ថកិច្ចដាក់ការសង្ស័យលើរូបលោក៕