បទល្មើស​ព្រៃឈើ​ដឹក​ចេញពី​ដែន​ព្រៃ​អង់​តែ​ន​កាន់តែ​កើនឡើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2018 ក+ ក-

​កំពង់ធំ​៖​បទល្មើស​ព្រៃឈើ​ដឹក​ចេញពី​ដែន​ព្រៃ​អង់​តែ​ន​គឺ​កាន់​តែមាន​សកម្ម​ភាពកើនឡើង​ក្នុងដំណាក់កាល​ចុងក្រោយ​នេះហើយ​ដែន​ព្រៃ​អង់​តែ​ន​បច្ចុប្បន្ន​គឺ​គ្រប់គ្រង​ដោយ​សមត្ថកិច្ច​បរិស្ថាន​ដែល​សាធារណជន​រំពឹងថា​ដែន​ព្រៃ​នេះ​នឹង​រលាយ​អស់​ក្នុងពេល​ខាងមុខ​ដ៏​ខ្លី​បើ​លោក​តុ​បក​ក្ដា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​នៅតែ​អសកម្ម​នោះ​។​

មតិ​សាធារណជន​បានលើកឡើង​ថា​ភាព​អសកម្ម​របស់លោក​តុ​បក​ក្ដា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​នេះ​បានធ្វើ​ឲ្យ​មហាជន​និង​អ្នកសារព័ត៌មាន​សរសេ​រ​រិះគន់​ដើម្បី​ស្ថាបនា​ស្រុះគ្នា​តែម្ដង​នៅ​ដំណាក់​ចុងក្រោយ​នេះ​ដែល​ធ្វើ​ឲ្យ​កិត្តិយស​របស់​ខេត្ត​មានការ​ស្រុតចុះ​។​

ឯកឧត្ដម​សុខ​លូ​អភិបាលខេត្ត​កំពង់ធំ​បាន​សរសេរ​ជា​សាធារណៈ​នៅក្នុង​បណ្ដាញ​តេ​ឡេ​ក្រាម​ជា​កិច្ច​តប​នឹង​ការ​ផុលផុស​នៃ​មតិ​លើកឡើង​ពីបទ​ល្មើស​ព្រៃឈើ​នៅ​ដែន​ព្រៃ​អង់​តែ​ន​នេះ​ថា​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិសេស​មន្ទីរ​បរិស្ថាន​ក​សិ​កម្ម​អាជ្ញាធរ​ស្រុក​យកចិត្តទុកដាក់​នឹង​ព័ត៌មាន​ទាំងអស់នេះ​ផង​។​

ឯកឧត្ដម​បញ្ចា​ក់ថា​ថ្វីត្បិតតែ​យើង​មិនអាច​សន្និដ្ឋានថា​ពិត​ទាំងអស់​តែ​សូម​តាមដាន​ហើយ​យកចិត្តទុកដាក់​ក្នុងការ​បង្ក្រាប​រាល់​បទ​ល្មើស​ទាំងអស់​។​ត្រូវ​បែងចែក​ឲ្យ​ច្បាស់​រវាង​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ដឹកអុស​តិចតួច​និង​អ្នករកស៊ី​កាប់​ព្រៃ​ហើយ​បន្លំ​ថា​ដឹកអុស​។​

​ប៉ុន្តែ​ទោះជា​ប្រសាសន៍​របស់​ឯកឧត្ដម​អភិបាលខេត្ត​សុខ​លូ​បាន​បញ្ជា​យ៉ាងនេះ​ក្ដី​ក៏​មតិ​មហាជន​រំពឹងថា​វា​គ្មាន​ប្រសិទ្ធ​នោះទេ​ចំពោះ​ស្ថាប័ន​ជំនាញ​ដែល​គ្មាន​ឆន្ទៈ​នឹង​អនុវត្ត​ផ្ទុយទៅវិញ​ពួកគេ​បានធ្វើ​របាយការណ៍​កុហក​ដោះសារ​ថ្នាក់លើ​មិនចេះចប់​។​
​ដោយឡែក​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះបាន​និយាយ​ឲ្យ​ដឹងថា​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ព្រៃ​អង់​តែ​ន​នេះ​គឺ​មកពី​ភូមិ​ទក់​ភូមិ​ល្អក់​ភូមិ​ត្រពាំង​ព្រីង​ភូមិ​ស្នោ​ឃ្លៃ​ភូមិ​តា​ម៉ិ​ញស្រុក​សន្ទុក​និង​ឃុំ​ចុង​ដូង​ស្រុក​បារាយ​ណ៍ហើយ​ឈើ​ដែល​គេ​ដឹកចេញទៅ​តាម​គោយន្ត​កន្ត្រៃ​នោះ​គឺ​ភាគច្រើន​ជា​ឈើ​ហ៊ុ​ប​មូល​ដែល​គេ​ច្នៃ​ជា​ហុ​ស​និង​ពុះ​ជា​៤​ជ្រុង​ច្នៃ​ជា​ឈើ​ជានា​និង​ខ្លះទៀត​ជា​ប្រភេទ​ឈើ​ហ៊ុ​ប​ពេញ​តែម្ដង​។​

​គួរ​បញ្ចាក់​ផងដែរ​ថា​ដែន​ព្រៃ​អង់​តែ​ន​គឺជា​ដែន​ព្រៃ​សម្រាប់​រង្វាស់​ទឹក​វាលទំនាប​អាស៊ី​ម៉ូ​សុង​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា​ក្រោម​ការឧបត្ថម្ភ​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន​ហើយ​កន្លងមក​ត្រូវបាន​ទទួលរង​ការកាប់​ទន្ទ្រាន​យក​ដី​ជាច្រើន​កន្លែង​រាប់រយ​ហិតា​នៅក្នុង​អាណត្តិ​រដ្ឋបាល​ព្រៃឈើ​គ្រប់គ្រង​ប៉ុន្តែ​ដំណាក់កាល​បរិស្ថាន​គ្រប់គ្រង​ចុងក្រោយ​នេះ​ទំនងជា​បង្ហើយ​តែម្ដង​ល្គឹកណា​ភាព​អសកម្ម​របស់លោក​ប្រធាន​មន្ទីរ​បរិស្ថាន​នៅតែ​បន្ត​៕