ថៃ ឃាត់​រូបចម្លាក់​សង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2018 ក+ ក-

​ប៉ោយប៉ែត ៖ រូបចម្លាក់​ជា​បដិមាក​រ​និង​រូប​ផ្សេងៗ​សរុប​12​ដុំ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​អន្តោ​ប្រវេ​ស​ន៌​ថៃ​ច្រកទ្វារ​អន្តរជាតិ​ខ្លង​លឹក​ស្រុក​អារ​ញ្ញា​ខេត្ត​ស្រះកែវ​ឃាត់​ប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នា​រសៀល​ថ្ងៃទី​3​មិថុនា​2018​។

​រូបចម្លាក់​ពាក់ព័ន្ធ​និង​រចនាបទ​របស់​ខ្មែរ​នេះ​សមត្ថកិច្ច​ថៃ​ឃាត់​បាន​ខណៈ​ស្ត្រី​ថៃ​ម្នាក់​ប្តី​ជនជាតិ​អង់គ្លេស​ជួល​រទេះអូស​ចេញពី​កម្ពុជា​ប្រុង​យកទៅ​ផ្ទះ​របស់គេ​។​យ៉ាងណាក៏ដោយ​យោង​ការសួរនាំ​ត្រួសៗ​ពី​អ្នកបកប្រែ​ថៃ​នៅ​ច្រកទ្វារ​អន្តរជាតិ​ខ្លង​លឹក ស្ត្រី​ជនជាតិ​ថៃ នោះ​ប្រាប់ថា ខ្លួន​ទៅ​រស់នៅ​ខេត្តសៀមរាប ជាមួយ​ប្តី​9​ឆ្នាំ​ហើយ ៗ​ថា របស់របរ​ទាំងអស់​ខ្លួន​មិនបាន​ដឹងថា ពាក់ព័ន្ធ​នឹង​អ្វី​ឬ​ជា​របស់​ហាមឃាត់​ឡើយ​ព្រោះ​ជា​របស់​រើ​ផ្ទះ​ពី​ខ្មែរ​។​ស្ត្រី​ដដែល​បន្តថា​របស់​ទាំង​អស់​គឺ​ប្តី​នាង​ជា​អ្នករៀបចំ​ដាក់​កេះ​នាង​មិន​បានដឹង​ទេ​ហើយ​នៅពេល​នាំចូល​ដល់​ដី​ថៃ​សមត្ថកិច្ច​ឆែកឆេរ​និង​មាន​រូបចម្លាក់​សង្ស័យ​ទើប​នាង​ដឹង​។​

​យ៉ាងណា​ក៌​ដោយ​ស្ត្រី​រូបនេះ​និយាយថា រូបចម្លាក់​សង្ស័យ​ទាំងនេះ​បើ​យក​ទៅណា​ក៌​យកទៅ​នាង​មិន​ជំទាស់​ទេ​។​នៅ​ចំណុចកើតហេតុ​គេ​ឃើញ​នគរបាល​អន្តោប្រវេសន៍ និង​នគរបាល​ទេសចរ​ក្រសួង​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ទៅ​ទទួល​រូបចម្លាក់​សង្ស័យ​ទាំងអស់​មក​កម្ពុជា​វិញ​។​សមត្ថកិច្ច​ប្រាប់ថា​រូបចម្លាក់​ទាំងអស់​ខ្លះ​ធ្វើ​ពី​ឈើ​ខ្លះ​ពី​ជ័រ​ហើយក៍​អាចជា​របស់គេ​តាំង​លម្អ​លំនៅដ្ឋាន​តែប៉ុណ្ណោះ​។​សមត្ថកិច្ច​បន្តថា អាច​ដោយសា​តែ​ពាក់ព័ន្ធ​និង​រចនាបទ​របស់​ខ្មែរ​ទើប​ខាង​ថៃ គេ​ទប់ស្កាត់​មិន​ឲ្យ​ចូល​ប្រទេស​របស់គេ​។​សមត្ថកិច្ច​បញ្ជាក់ថា​រូបចម្លាក់​សង្ស័យ​ទាំងនេះ​ក្រោយ​ទទួល​ពី​សមត្ថកិច្ច​ថៃ​គឺ​នឹង​យកទៅ​ពិសោធន៍​និង​ប្រគល់​ឲ្យ​ជំនាញ​យកទៅ​រក្សាទុក​៕ ដោយ ៖ ប៊ុន ថេ​ន​