ភ្នំពេញ ៖ ថ្លែងទៅកាន់សាសនិកខ្មែរឥស្លាមប្រមាណជា ១ពាន់នាក់ ក្នុងពិធីស្រាយបួសក្នុងខែរ៉ម៉ាទននៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី លោកឧកញ៉ា អូស្មាន ហាស្សាន់ ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់សាសនិកឥស្លាម កម្ពុជា បានប្រាប់អោយសាសនិករបស់ខ្លួនត្រូវតបស្នងអោយបានសក្តិសមបំផុតចំពោះអ្នកដែលបានយក ចិត្តទុកដាក់មកលើខ្លួន ជាពិសេសគឺសម្តេចតេជោនាយករដ្ឋមន្ត្រី។
លោកបានលើកឡើងថា សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានលើកឡើងយ៉ាងច្បាស់ថា រឿងការគោរពសាសនា មិនមែនជាឧបសគ្គនៃការអភិវឌ្ឍន៍ជាតិនោះទេ ហើយអ្នកកាន់សាសនាមួយ មិន បានធ្វើអោយរំខានដល់អ្នកកាន់សាសនាមួយផ្សេងទៀតដែរ នេះបើនិយាយពីកម្ពុជា។ តួយ៉ាងដូចជាអ្នក បួសក្នុងខែបួសរ៉ម៉ាទន ក្នុងសាសនាឥស្លាមនាពេលនេះជាដើម គឺមិនបានធ្វើអោយប៉ះពាល់ដល់អ្នកដែល មិនមែនជាឥស្លាមនោះទេ ហើយការបួសនេះទៀតសោតក៏មិនបានធ្វើអោយប៉ះពាល់ដល់ការងាររបស់បង ប្អូនដែលជាប់កាតព្វកិច្ចបួសនោះដែរ ពោលគឺបើបងប្អូនជាអ្នកធ្វើការរដ្ឋក្តី ជាអ្នកធ្វើការនៅតាមក្រុមហ៊ុន ឯកជនក្តីក៏នៅតែទៅធ្វើការជាធម្មតា ដោយពុំបានឈប់សម្រាកព្រោះតែរដូវបួសនោះឡើយ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានបន្តថា បើនិយាយអំពីសេរីភាពខាងជំនឿសាសនានៅ កម្ពុជាវិញ ឃើញថាមានភាពបរិបូរណ៍ស្របតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានចែង ថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិក្នុងការជឿសាសនាបានដោយសេរី ដែលកិច្ចការនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានអនុវត្តបានយ៉ាង ល្អប្រសើរបំផុត ទើបធ្វើអោយឥស្លាមសាសនា និងសាសនាដទៃទៀតអាចដំណើរការបាននៅក្នុងប្រទេសកម្ពុជា ដោយពុំដែលមានបញ្ហាអ្វីឡើយ។ លោកថា ព្រះមហាក្សត្រនៃកម្ពុជា និងថ្នាក់ដឹកនាំកំពូលនៃ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលសុទ្ធសឹងតែជាអ្នកកាន់ព្រះពុទ្ធសាសនាទាំងអស់។ តែផ្ទុយ ទៅវិញលោកបានបើកសិទ្ធិយ៉ាងទូលំទូលាយចំពោះសាសនាដទៃទៀតរួមមាន ឥស្លាមសាសនា និងគ្រឹស្ត សាសនាជាដើមអាចដំណើរការបាននៅក្នុងប្រទេសកម្ពុជាដោយគ្មានការរារាំង ឬក៏រើសអើងអ្វីទាំងអស់។
បើនិយាយចំពោះឥស្លាមសាសនាវិញ សម្តេចតេជោនាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ២០១៤មក បានចាត់ អោយមានពិធីស្រាយបួសថ្នាក់ជាតិប្រចាំឆ្នាំដ៏ធំជារៀងរាល់ឆ្នាំ ដោយមានអ្នកចូលរួមរាប់ពាន់នាក់នៅរាជ ធានីភ្នំពេញ ដោយសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានអញ្ជើញចូលរួមពិសាអាហារស្រាយបួស
ជាមួយបងប្អូនឥស្លាមមិនដែលខកខានមួយឆ្នាំណាឡើយចាប់តាំងពីឆ្នាំ២០១៤មក។
ជាមួយគ្នានេះឯកឧត្តមបានរំលឹកថា រយៈពេលជិត ៤០០ឆ្នាំហើយ ដែលព្រះមហាក្សត្រខ្មែរទ្រង់ បានផ្តល់សិទ្ធិជ្រកកោនសម្រាប់បងប្អូនចាមបន្ទាប់ពីនគរចម្ប៉ារបស់ខ្លួនបានបាត់បង់ ហើយក្រោយមក ព្រះមហាក្សត្រខ្មែរក៏បានទទួលស្គាល់បងប្អូនចាមថាជាពលរដ្ឋខ្មែរថែមទៀតផង ដោយអោយឈ្មោះថា ខ្មែរឥស្លាមរហូតដល់សព្វថ្ងៃនេះ៕