ភ្នំពេញ ៖ ដើម្បីផ្សារភ្ជាប់ទៅ នឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជា បង្កើននូវភាពស្និតស្នាល ជាមួយប្រជាពលរដ្ឋ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរដែនដី និងក្រុមការងារមួយចំនួនទៀត បានអញ្ជើញទៅជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់សំណូមពរប្រជាពលរដ្ឋ ក្នុងបុរីសន្តិភាព២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដោយបានប្រាប់ប្រជាពលរដ្ឋ ឱ្យជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាល នឹងបន្តនាំប្រទេសឱ្យមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ និងអំពាវនាវឲ្យទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា។
នេះមិនមែនជាលើកដំបូងទេ ដែលអនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនៅសហគមន៍បុរីសន្តិភាព២ និងបានពិនិត្យស្ថានភាព រស់នៅជាក់ស្តែង របស់បងប្អូននៅសហគមន៍នេះ ដែលកំពុងមានការរីកចំរើនគួរឲ្យកត់សំគាល់ ទាំងសំណង់លំនៅដ្ឋាន, ហេដ្ឋារចនាសម្ពន្ធ័ ក៏ដូចជាការរីកចំរើន លើផ្នែកជីវភាពរស់នៅរបស់បងប្អូនផងដែរ។
លោក ឃួង ស្រេង បានជំរាបទៅប្រជាពលរដ្ឋ ដែលមកស្វាគមន៍ដោយភាពជឿជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សសន្យាធ្វើ មិនមែនសន្យាខ្យល់នោះទេ។ ជាក់ស្តែង បានកសាងសមិទ្ធិផលជាច្រើន បំពេញតាមតម្រូវការជាមូលដ្ឋាន របស់ប្រជាពលរដ្ឋនៅទីនេះ ដែលពីមុនតំបន់នេះ គ្មានអ្វីទាំង អស់។ រហូតមកដល់ឥឡូវ បងប្អូនមានផ្ទះសំបែង រស់នៅសមរម្យ មានទីផ្សារ មានប្រពន្ធ័ទឹក ភ្លើងរដ្ឋប្រើប្រាស់ មានសេវារថយន្តក្រុង និងសេវាសុខភាពជាដើម។
ជាមួយគ្នានោះ ឯកឧត្តម បានជំរុញឲ្យមន្ត្រីជំនាញខិតខំធ្វើយ៉ាងណាបង្កើតប៉ុស្តិ៍សុខភាពមួយឲ្យបាននៅទីនេះ ដោយឲ្យសហគមន៍ផ្តល់ផ្ទះ២ល្វែង សំរាប់បង្កើតប៉ុស្តិ៍សុខភាពនេះ នៅចំកណ្តាលសហគមន៍ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋយើងមកទទួលសេវាសុខភាព។
លោកអភិបាលរាជធានី នូវបានណែនាំឲ្យមានការចាក់សាប និងដាក់ប្រពន្ធ័លូ នៅចំណុចចំណតរថយន្តក្រុងឲ្យបានល្អប្រសើរ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរដែនដីនឹងបន្តរៀបចំកែលំអរផ្លូវបេតុង និងដាក់ប្រពន្ធ័លូ ក្នុងសហគមន៍បន្តទៀត នៅក្រោយការបោះឆ្នោត និងក្រោយពីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ ដែលនេះគឺជាការសន្យាធ្វើមិន មែនសន្យាខ្យល់នោះទេ។
សហគមន៍បុរីសន្តិភាព២ មានការអភិវឌ្ឍន៍ មិនចាញ់សហគមន៍ដទៃទៀត ក្នុងរាជធានីភ្នំពេញនោះឡើយ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, ការយកចិត្តទុកដាក់ពីរដ្ឋបាល រាជធានីភ្នំពេញ ដែលតែងតែចុះជាប់ដើម្បីបានដឹងពីសុខទុក្ខរបស់បងប្អូន ជាពិសេសទទួលបានការណែនាំ និងការគិតគូរដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋជាប់ជានិច្ច។
លោក ឃួង ស្រេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោត សូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំរាជរដ្ឋាភិបាល ឆ្ពោះទៅរកការអភិវឌ្ឍន៏រីកចំរើនខ្លាំងក្លាបន្តទៀត។
សូមបញ្ជាក់ថា សហគមន៍សន្តិភាព២ មានសហគមន៍ ប្រជាពលរដ្ឋចំនួន៨ ស្មើនឹង២៥៥០គ្រួសារ ដែលភាគច្រើនបងប្អូន ប្រកបរបរលក់ដូរ សេវាកម្ម និងកម្មកររោងចក្រនានា។ បងប្អូនទាំងនេះ ភាគច្រើនត្រូវផ្លាស់ប្តូរទីលំនៅបែបមិនរៀបរយ ចេញពីសហគមន៍ដីក្រហម សហគមន៍បឹងកក់ និង១ផ្នែកទៀតមកពីប្រភពផ្សេងៗ តាំងពីឆ្នាំ២០០៦,២០០៩និងឆ្នាំ២០១០៕